រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន២ទៀតនៅភ្នំពេញ ដែលធ្វើឲ្យតួលេខសរុបនៅកម្ពុជាកើនដល់៧ករណីហើយ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣ មីនា ២០២០នេះបានឲ្យដឹងថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២ករណីថ្មីទៀតនៅរាជធានីភ្នំពេញ។
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣ មីនា ២០២០នេះបានឲ្យដឹងថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២ករណីថ្មីទៀតនៅរាជធានីភ្នំពេញ។
ករណីថ្មីចំនួន២នាក់នេះ (មិនពាក់ព័ន្ធទៅនឹងនាវី Viking Cruise Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦៖០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំងពីរនាក់នោះ ត្រូវបានយកមកដាក់ឱ្យព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត។ ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ដែលក្រុ្មការងារសុខាភិបាល កំពុងតែសកម្មធ្វើ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានឲ្យដឹងពីបច្ចុប្បន្នភាពស្ថានភាពអ្នកដំណើរតាមនាវា Viking Cruise Journey នៅកំពង់ចាមផងដែរថា ក្រៅពីអ្នកវិជ្ជមានវីរុសកូវីដ១៩ចំនួន៣នាក់ អ្នកដំណើរនៅលើនាវានៅរស់សរុបចំនួន៦១នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក តាមនីតិវិធីចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយនៃខេត្តកំពង់ចាម ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម។ ចំណែកឯនាវានោះក៏ត្រូវធ្វើការសម្អាតឲ្យបានត្រឹមត្រូវតាមវិធានប្រតិបត្តិស្តង់ដាររបស់អង្គការសុខភាពពិភពលោក។
សូមរម្លឹកផងដែរថា គិតមកទល់ពេលបច្ចុប្បន្ននេះ សរុបចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជាបានកើនឡើងដល់៧នាក់ហើយ ដោយក្នុងនោះមានបុរសជនជាតិចិន មកពីទីក្រុងវូហាន ដែលបានជាសះស្បើយឡើងវិញ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប និងជនជាតិអង់គ្លេសបីនាក់ ជាអ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម បុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំនៅភ្នំពេញ៕
ដោយ៖ ចាម មិថុនា