[Breaking News] មន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ដែលធ្លាប់បានជួបប្រធានាធិបតី ដូណាល់ ត្រាំ មានផ្ទុកវីរុសកូវីដ១៩
មន្រ្តីទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានធ្វើតេស្តរកឃើញថាឆ្លងវីរុសកូវីដ១៩ (COVID-19) ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានអមដំណើរលោក Bolsonaro ចូលរួមកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida។
ទីក្រុង RIO DE JANEIRO (AP)៖ មន្រ្តីទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានធ្វើតេស្តរកឃើញថាឆ្លងវីរុសកូវីដ១៩ (COVID-19) ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានអមដំណើរលោក Bolsonaro ចូលរួមកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP យប់ថ្ងៃទី ១២ មីនា ២០២០។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការចេញពីការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីនៅថ្ងៃព្រហស្បត្តិ៍នេះបានឲ្យដឹងថាលទ្ធផលធ្វើតេស្តលើលោក Fábio Wajngarten មន្រ្តីទំនាក់ទំនងរបស់ប្រេស៊ីលត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ហើយថាវិធានការការពារនានាត្រូវបានធ្វើឡើង ដើម្បីធានាលើសុខភាពរបស់ប្រធានាធិបតីប្រេស៊ីលលោក Bolsonaro។
លោក Wajngarten បានអមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃជាមួយប្រធានាធិបតីប្រេស៊ីលលោក Bolosnaro ទៅកាន់សហរដ្ឋអាមេរិក ដោយកាលពីថ្ងៃសៅរ៍បានចូលរួមនៅឯរីសត Mar-a-Lago ពោលគឺជាកន្លែងដែលលោកបានផុសរូបថតឈរជាប់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ វីឌីអូចេញពីព្រឹត្តិការណ៍នោះបានបង្ហាញផងដែរថាលោកបានឈរជាប់នឹងប្រធានាធីបតីទាំងពីរនាក់តែម្តង ខណៈពួកគេថ្លែងទៅកាន់អ្នកចូលរួម។
យោងតាមសេចក្តីថ្លែការណ៍បានបញ្ជាក់ថា ដំបូងឡើយ លោក Wajngarten បានបដិសេធរបាយការណ៍កាលពីថ្ងៃពុធដែលថា លោកត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ដោយបានបរិយាយនៅលើបណ្តាញសង្គមថា សុខភាពរបស់លោកល្អប្រសើរជាធម្មតា។ បច្ចុប្បន្ននេះ លោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះរបស់លោក។
រដ្ឋាភិបាលក៏បានទំនាក់ទំនងជាមួយអាជ្ញាធរសហរដ្ឋអាមេរិកផងដែរ ដើម្បីឲ្យពួកគេអាចចាត់វិធាននានាចំពោះការប្រុងប្រយ័ត្ន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រេស៊ីល៕
ប្រភព៖ AP ប្រែសម្រួល៖ ចាប មិថុនា