ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី សហការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីអភិវឌ្ឍន៍គម្រោង Financial Transparency Corridor (FTC) ក្នុងគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់សម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យមរវាងប្រទេសទាំងពីរកាលពីនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

 
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី សហការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល

 ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីធីថល គឺសម្រាប់ផ្ដល់ការព្រមព្រៀងជាមុន (consent-based) ដើម្បីសម្រួលដល់ការដោះដូរព័ត៌មានរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើការផ្តល់សេវាហិរញ្ញវត្ថុឆ្លងដែនដល់សហគ្រាស ធុនតូច និងមធ្យម និងគាំទ្រការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុលើការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម និង ការអនុលោមតាមបទប្បញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ ដើម្បីកាត់បន្ថយវិវាទពាណិជ្ជកម្ម និងហានិភ័យ សម្រាប់អ្នកចូលរួមក្នុងផ្លេតហ្វមក្នុងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ លោក Sopnendu Mohanty អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានលើកឡើងថា៖ "យើងមានសេចក្តីរីករាយដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជាលើ ការអភិវឌ្ឍគម្រោង FTC ដែលជាគំនិតផ្តួចផ្តើមថ្មីនៅតំបន់អាស៊ី។ គម្រោង FTC នឹងគាំទ្រដល់លំហូរ ពាណិជ្ជកម្មបើកចំហសម្រាប់អាជីវកម្មជាពិសេសសហគ្រាសធុនតូច និងមធ្យមតាមរយៈការពង្រឹង គុណភាពទិន្នន័យសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។”

លោកបានបន្ថែមថា ការណ៍នេះនឹង នាំឱ្យមានភាពជាដៃគូកាន់តែជិតស្និទ្ធរវាងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ប្រទេសយើងលើការអភិវឌ្ឍផលិតផល និងសេវាបកបដោយនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ "កាលពី ខែមីនា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាបានសហការលើការចែករំលែកព័ត៌មានឥណទានរបស់ អតិថិជនឆ្លងដែន ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីប្រទេសនីមួយៗ។ យើងក៏មានសេចក្តីសោមនស្សក្នុងការចូលរួមអភិវឌ្ឍគម្រោង FTC ដែលធ្វើឱ្យការចែករំលែកព័ត៌មានឆ្លងដែនរបស់ប្រទេសទាំងពីរកាន់តែមានភាពទូលំទូលាយ សម្រាប់ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម”។ លោកជំទាវ បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងសិង្ហបុរី ហើយលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានឆ្លងដែនរបស់សហគ្រាស នឹងជួយដល់ប្រតិបត្តិការរបស់អាជីវកម្ម និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ដែរថា គម្រោង FTC នេះ នឹងជួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅសិង្ហបុរី និងកម្ពុជាក្នុងការវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច និងមធ្យមនៃរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី តាមរយៈផ្លាតហ្វម FTC៕

ប្រភព៖ ក្រសួងព័ត៌មាន