ករណីផ្ទុះឃ្លាំងអាវុធប៉ូលីសការពារព្រំដែនថៃ នៅខេត្តសុរិន្ទ
ករណីផ្ទុះដ៏គួរឱ្យរន្ធត់មួយ ដែលបានកើតឡើងនៅក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ កន្លងទៅនេះ បណ្តាលឲ្យឃ្លាំងផ្ទុកគ្រាប់រំសេវរបស់ប៉ុស្តិ៍ប៉ូលីសការពារព្រំដែនមួយកន្លែង ស្ថិតក្នុងខេត្តសុរិន្ទ ភាគឦសាននៃប្រទេសថៃ បានផ្ទុះឡើងយ៉ាងខ្លាំងក្លា បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
ទោះបីជាការផ្ទុះនេះមើលទៅគួរឱ្យខ្លាចយ៉ាងណាក៏ដោយ ជាសំណាងល្អ នៅក្នុងកំឡុងពេលកើតហេតុ ឃ្លាំងអាវុធនេះ ពុំមានមន្ត្រីប្រចាំការនៅខាងក្នុងឡើយ ដែលជាហេតុធ្វើឱ្យពុំមានគ្រោះថ្នាក់ដល់ជីវិត មនុស្សនោះទេ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលរងរបួសស្រាល ក្នុងហេតុការណ៍នេះ។
ពាក់ព័ន្ធនឹងមូលហេតុនៃការផ្ទុះ មន្ត្រីសន្តិសុខថៃបានដាក់ការសង្ស័យបឋមថា "អាកាសធាតុក្តៅខ្លាំង" អាចជាកត្តាចម្បងដែលធ្វើឱ្យមានប្រតិកម្មគីមីនៅក្នុងឃ្លាំង ដែលជាកន្លែងផ្ទុកទាំងអាវុធ និងគ្រាប់រំសេវជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ ខណៈដែលក្រុមអ្នកជំនាញកំពុងបន្តការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានអគ្គិភ័យនេះ៕



ប្រភព៖CNA


















