កម្ពុជារកឃើញអ្នកដំណើរតាមនាវា Viking Cruise Journey ២នាក់បន្ថែមទៀតមានផ្ទុកវីរុសកូវីដ-១៩
នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា តាមរយៈលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា អ្នកដំណើរចំនួន២នាក់ទៀតលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានវិជ្ជមានវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃត្រង់ ១២ មីនា ២០២០នេះថា តាមរយៈលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា អ្នកដំណើរចំនួន២នាក់ទៀតលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានវិជ្ជមានវីរុសកូវិដ-១៩ ដែលកើតលើបុរសជនជាតិអង់គ្លេស អាយុ៧៣ឆ្នាំ (ជាស្វាមី) និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ ដែលត្រូវជាភរិយា។
ជាសរុបអ្នកដំណើរជាជនជាតិអង់គ្លេស វិជ្ជមានវីរុសកូវីដ-១៩ មានចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់ចំនួន ៦៤នាក់។
មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានចាត់ចែងយកបុរស និងស្រ្តីជនជាតិអង់គ្លេសដែលវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីនាក់នោះមកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យកំពង់ខេត្តចាមរួមហើយ ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។ ដោយឡែក អ្នកដំណើរផ្សេងទៀតចំនួន ៦១នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវយកមកដាក់ដោយឡែកនៅទីកន្លែងសមរម្យនៅលើគោក ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សូមរម្លឹកផងដែរថា គិតមកទល់ពេលបច្ចុប្បន្ននេះ សរុបចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជាបានកើនឡើងដល់៥នាក់ហើយ ដោយក្នុងនោះមានបុរសជនជាតិចិន មកពីទីក្រុងវូហាន ដែលបានជាសះស្បើយឡើងវិញ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប និងជនជាតិអង់គ្លេសបីនាក់ ជាអ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕