[COVID-19] កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១ករណី និងលាប់ឡើងវិញ១ករណី ខណៈមានអ្នកជាសះស្បើយ៦ករណី

កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៦ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី១នាក់ផងនិងករណីលាប់ជំងឺឡើងវិញ១នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១៨នាក់ និងជាសះស្បើយសរុប ៦៨នាក់។

 
[COVID-19] កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១ករណី និងលាប់ឡើងវិញ១ករណី ខណៈមានអ្នកជាសះស្បើយ៦ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៩ មេសា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៦ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី១នាក់ផងនិងករណីលាប់ជំងឺឡើងវិញ១នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១៨នាក់ និងជាសះស្បើយសរុប ៦៨នាក់។

ករណីឆ្លងថ្មី១នាក់ កើតលើស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ ជាភ្ញៀវទេសចរ និងចង់រកស៊ីបើកហាងនៅកម្ពុជា​ ស្នាក់នៅបណ្តោះអាសន្ននៅរាជធានីភ្នំពេញ ជាករណីប៉ះពាល់ផ្ទាល់ជាមួយគូសង្សារ (បុរសជនជាតិចិនមានវីរុសកូវីដ១៩ រកឃើញនៅប្រទេសចិន និងស្រ្តីជនជាតិវៀតណាមមានវីរុសកូវីដ១៩ រកឃើញនៅកម្ពុជា)។

ដោយឡែក១ករណី នៃការលាប់ជំងឺកូវីដ១៩ឡើងវិញនេះ​ កើតលើបុរសជនជាតិខ្មែរវ័យ ៤០ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា​ បុរសរូបនេះបានធ្វើតេស្តវិជ្ជមានម្តងទៀតក្រោយពេលគាត់ជាសះស្បើយបាន១៥ថ្ងៃហើយ ហើយត្រូវដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី០៩ មេសា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១១៨នាក់ ដោយក្នុងនោះស្រ្តី ៣៥នាក់ និងបុរស ៨៣នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន៦៨នាក់។

សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៥០នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

ដោយ៖ ចាប មិថុនា