អភិបាលរាជធានីភ្នំពេញបដិសេធ មិនមានការបិទរាជធានីភ្នំពេញឡើយ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ រកអ្នកប្រឌិតព័ត៌មានក្លែងក្លាយ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា មិនមានការបិទ ការចេញចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចការចែកចាយព័ត៌មានប្រឌិតនោះទេ។ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានអះអាងទៀតថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភព អ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំនិងភិតភ័យ។
ការបំភឺភ្លាមៗរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេង នៅលើបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទការចេញចូលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ប្រឌិតឡើងដោយជនអគតិប៉ុណ្ណោះ។
ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះថា៖ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ ហើយអ្វីដែល បានចែកចាយនោះ គឺជាព័ត៌មានមិនពិត រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចែកចាយព័ត៌មានមិនពិតនេះ។ ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើករណីនេះហើយ ៕
ប្រភព: ក្រសួងព័ត៌មាន