គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែក្នុងខេត្តសៀមរាបសម្រេចបានជាង ១៥%ហើយ
សៀមរាប៖ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែក្នុងខេត្តសៀមរាបកំពុងដំណើរការសាងសង់យ៉ាងរលូន ដែលរហូតមកដល់ពេលនេះសម្រេចបានជាង ១៥%ហើយដោយរំពឹងថានឹងរួចរាល់ជាស្ថាពរនាចុងឆ្នាំ២០២១ខាងមុខ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានឱ្យដឹងថា ទោះបីពេលនេះកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ១៩ក៏ដោយ ក៏ការដ្ឋានស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងខេត្តសៀមរាបនៅតែមមាញឹក យ៉ាងខ្លំាង ដើម្បីឱ្យគម្រោងនេះបានស្ថាបនារួចរាល់តាមការគ្រោងទុក។
បច្ចុប្បន្នក្រុមការងារចម្រុះចំនួន៦ក្រុមបានចុះពិនិត្យវាស់វែងនិងសម្របសម្រួលចំពោះសំណង់ដែលសាងសង់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីឈានទៅស្ថាបនាគម្រោងផ្លូវនេះបានដោយរលូន។
ឯកឧត្តមបន្តថា គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់៣៨ខែ្សនៅក្នុងក្រុងសៀមរាប ដែលមានប្រវែង១០៨គីឡូម៉ែត្រ និងសាងសង់លូទឹកកខ្វក់ លូទឹកភ្លៀងចំនួន៤២ខ្សែ ប្រវែងជាង៣៣គីឡូម៉ែត្រ ព្រមទំាងការស្តារកែលម្អស្ទឹងសៀមរាបនេះ មានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែស្រស់ស្អាតហើយក្លាយជាទីក្រុងឆ្លាតវៃ ក្នុងពេលអនាគតដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា ផ្លូវថ្នល់ទាំង៣៨ខ្សែនៅក្នុងខេត្តសៀមរាបនេះ គ្រោងប្រើរយៈពេលស្ថាបនាចំនួន១៣ខែ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដោយអង្គភាពចំនួន៦ ជាអ្នកទទួលយកការងារសាងសង់រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ៕
ប្រភព: ក្រសួងព័ត៌មាន