រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោកស្រី Nadine Dorries ធ្វើតេស្តវិជ្ជមានកូវីដ-១៩

លោកស្រី Nadine Dorries រដ្ឋមន្រ្តីសុខាភិបាល និងជាសមាជិកសភាមកពីគណបក្សអភិរក្សបានធ្វើតេស្តរកឃើញថាមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។

 
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោកស្រី Nadine Dorries ធ្វើតេស្តវិជ្ជមានកូវីដ-១៩
Photo Credit: BBC

លោកស្រី Nadine Dorries រដ្ឋមន្រ្តីសុខាភិបាល និងជាសមាជិកសភាមកពីគណបក្សអភិរក្សបានធ្វើតេស្តរកឃើញថាមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។

លោកស្រី Dorries គឺជាសមាជិកសភាដំបូងហើយដែលរកឃើញថាឆ្លងវីរុសកូវីដ-១៩នេះ។ លោកស្រីបានរៀបរាប់ថា លោកស្រីធ្វើតាមរាល់ការណែនាំសម្រាប់ការប្រុងប្រយ័ត្នខ្ពស់បំផុតបន្ទាប់ពីឆ្លងជំងឺនេះ ហើយបានកំពុងស្ថិតនៅដាច់ដោយឡែកនៅផ្ទះរបស់លោកស្រី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី១១ មីនា ២០២០នេះ។

ករណីនេះបានកើតឡើងបន្ទាប់ពីមានករណីស្លាប់ចំនួន៦នាក់ ដែលក្នុងនោះករណីឆ្លងវីរុសកូវីដ-១៩ នៅចក្រភពអង់គ្លេសកើនឡើងដល់ ៣៨២ករណីហើយ។

លោកស្រីបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែកសុខភាពសាធារណៈអង់គ្លេសបានចាប់ផ្តើមតាមដានមនុស្សដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយលោកស្រី ហើយស្ថាប័ន និងការិយាល័យសភាត្រូវបានបិទទ្វារតាមការណែនាំ។

លោកស្រីក៏បានសរសេរលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរថា “​វាពិតជាអាក្រក់ណាស់ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹងយកឈ្នះវាបាន។” ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រីពិតជាព្រួយបារម្ភពីសុខភាពរបស់ម្តាយលោកស្រីដែលមានអាយុ៨៤ឆ្នាំទៅហើយ ដែលស្នាក់នៅជាមួយលោកស្រី ដោយគាត់មានអាការៈក្អកកាលពីថ្ងៃអង្គារ។

គេមិនទាន់ប្រាកដនៅឡើយទេថាតើលោកស្រី Dorries បានចូលរួមប្រជុំប៉ុន្មានដងនៅ Westminster ឬនៅការិយាល័យរបស់គាត់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ហើយគាត់ក៏បានទៅចូលរួមព្រឹត្តិការណ៍នៅ Downing Street ផងដែរ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន៕