ប្រទេសស្រីលង្កាទទួលបានជំនួយ ៩០ លានដុល្លារពីប្រទេសចិន
ស្រីលង្កា៖ ប្រទេសចិនបានប្រកាសកាលពីអាទិត្យម្សិលមិញនេះថា ខ្លួនបានផ្តល់ប្រាក់ចំនួន ៩០ លានដុល្លារអាមេរិកដល់ប្រទេសស្រីលង្កាពោលគឺ ២ថ្ងៃ បន្ទាន់ពីប្រធានាធិបតីស្រីលង្កាបានស្វែងរកជំនួយពីគណៈប្រតិភូចិន ដែលកំពុងធ្វើទស្សនកិច្ចដើម្បីអះអាងថា គម្រោងផ្តល់មូលនិធិដ៏ធំទាំងនេះមិនមែនជា ការដាក់អន្ទាក់បំណុលអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ស្ថានទូតចិនដែលស្ថិតនៅក្នុងទីក្រុងរបស់ប្រទេសស្រីលង្កាបានអះអាងថា ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការថែទាំសុខភាព ការអប់រំ និងការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទរបស់ស្រីលង្កា ហើយវានឹងចូលរួមចំណែកដល់ផ្នែកសុខុមាលភាបរបស់ស្រីលង្កាក្នុងអំឡុងវិបត្តិរាតត្បាតជាសកល ព្រមទាំង ហៅវាថា ជា "ជំនួយទាន់ពេលវេលា"។
សូមជម្រាបផងដែរថា នៅក្នុងការសន្ទនាជាមួយមន្ត្រីក្រសួងការបរទេសចិនលោក យ៉ាង ជីឈី (Yang Jiechi) ប្រធានាធិបតីរបស់ប្រទេសស្រីលង្កាលោក ហ្គូតាបាយ៉ា (Gotabaya Rajapaksa) បានសុំឲ្យ ចិនបញ្ជាក់ឲ្យច្បាស់ថា ការផ្តល់ជំនួយនេះមិនមែនជាអ្វីដែលគេហៅថា ជា "អន្ទាក់បំណុល" ខណៈក្រុមអ្នករិះគន់និយាយថា គម្រោងដែលផ្តល់មូលនិធិរបស់ចិននេះ គឺបណ្តាលឲ្យស្រីលង្កាប្រឈមមុខនឹងការសងបំណុលវិញ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ South China Morning Post, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ