តើរដ្ឋាភិបាលមានផែនការអ្វីខ្លះលើការសាងសង់ចំណតរថយន្តក្រោមដីនៅភ្នំពេញ?

ភ្នំពេញ៖ ខណៈបញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាន់តែខ្លាំងឡើងៗ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញ ឲ្យមានការវិនិយោគលើគម្រោងសាងសង់ចំណតរថយន្តសាធា​រណៈ

 
តើរដ្ឋាភិបាលមានផែនការអ្វីខ្លះលើការសាងសង់ចំណតរថយន្តក្រោមដីនៅភ្នំពេញ?

ភ្នំពេញ៖ ខណៈបញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាន់តែខ្លាំងឡើងៗ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញ ឲ្យមានការវិនិយោគលើគម្រោងសាងសង់ចំណតរថយន្តសាធា​រណៈ ឬចំណត់រថ​យន្តក្រោម​ដីឲ្យ​បានច្រើនថែមទៀតនៅរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលយល់ថា ការជំរុញឲ្យមានការវិនិយោគលើចំណតរថយន្តសា​ធារ​ណៈ មិនត្រឹម​តែ​ជួយកាត់បន្ថយការកក់ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញប៉ុណ្ណោះទេ  វាក៏ឈានទៅកាត់បន្ថយការចតយានយន្តគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ដែលរំខានដល់ការធ្វើចរាចរណ៍របស់ប្រជា​ពលរដ្ឋផ្សេងទៀតផងដែរ ។

ពាក់ព័ន្ធនឹង ផែនការសាងសង់ចំណតរថយន្តសារធារណៈ និងចំណតក្រោមដីនេះដែរលោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យអោយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធមួយចំនួនពន្លឿនការអនុវត្តគម្រោង​សាងសង់ចំណតរថយន្តសាធារណៈ ឲ្យបានឆាប់ ដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

លោកអូន ព័ន្ធមុន្នីរ័ត្នថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

លោកបានបន្តថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមិនមានចំណតសម្រាប់ឲ្យបងប្អូនប្រជាពល​រដ្ឋ ចតយានយន្តបានត្រឹមត្រូវនៅឡើយទេ ដែលជាហេតុធ្វើឲ្យការចតយាន្តយន្តគ្មានសណ្តាប់​ធ្នាប់ រំលោភលើដងផ្លូវ និងចំណីផ្លូវដែលនាំឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។

ហេតុនេះ លោកបានបញ្ជាក់ថា៖« ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញត្រូវបន្តការយកទុកដាក់អនុវត្តផែនការនេះឲ្យបានជោគជ័យ ដែលស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីទប់ស្កាត់នឹងកាត់បន្ថយគ្រោះថ្នាក់ចរា​ចរណ៍ឲ្យនៅទាបបំផុត តាមពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “គឺថ្ងៃនេះនិងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

ឆ្លើយតបពាក់ព័ន្ធនឹងផែនការកសាងចំណតរថយន្តសារធារណៈ និងចំណត់ក្រោមដីនេះដែរ លោក ម៉េត មាសភក្តី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ KHB Media ថា បច្ចុ​ប្បន្ននៅភ្នំពេញ មានចំណតក្រោមដីដែលបានសាងសង់រួចរាល់ គឺស្ថិតនៅក្រោមសួនច្បារផ្សារចាស់ ដែលនៅមុខស្ថានីយរថភ្លើង ចន្លោះពីអគារខ្ពស់វឌ្ឍនៈ និងអគារកាណាឌីយ៉ា និងចំណតក្រោមដី ឆ្ពោះ​ទៅផ្សាររាត្រី។

លោកបានឲ្យដឹងថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ បាននឹងកំពុងធ្វើការ​ផ្សព្វផ្សាយ ដល់​បងប្អូនដែលចត់រថយន្តគ្មានសណ្តាប់ធ្នាប់ ហើយក៏កំពុងជំរុញ ឲ្យមានការចូលរួមពីវិស័យ​​ឯកជន ក្នុងការវិនិយោគលើការសាងសង់ចំណតរថយន្តសាធារណៈ​ និងចំណតក្រោម​ដី​នៅ​ភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។

មិនតែប៉ុណ្ណោះ លោកថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញបានសាងសង់និងកំពុងសាងសង់ចំណតរថយន្តសាធារណៈក្រោមដីមួយចំនួន នៅក្រោមសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសាន់វេ ខាងលិចរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រៅពីពង្រឹងកិច្ចសហការបង្កើនការសាងសង់ ចំណតរថយន្តសារធារណៈ និងចំណត់ក្រោមដីហើយនោះ ក្រសួង នឹងសហការជាមួយ​សាលារាជ​ធានីភ្នំពេញ ដឹកនាំបន្តការងារស្ដារនិង​សាង​សង់ផ្លូវតូចៗនៅក្នុងទីក្រុង ដើម្បីអាចធ្វើចរាចរណ៍បានទៅកាន់ផ្លូវធំៗទាំងអស់របស់ទី​ក្រុង​សាងសង់ផ្លូវវាងនឹងផ្លូវរំលង ព្រមទាំងបំពាក់ភ្លើងសញ្ញាចរាចរណ៍​​​អោយបានត្រឹមត្រូវថែមទៀតផងដែរ។

ស្របពេលដំណឹង ដែលរាជរដ្ឋាភិបាលកំពុងជំរុញឲ្យមានការវិនិយោគឲ្យមានការសាងសង់ចំណតរថយន្តសាធារណៈ​ និងចំណតក្រោមដីនៅភ្នំពេញនេះ ប្រជាពលរដ្ឋ និងអ្នកជំនាញខាងអភិវឌ្ឍ បានបង្ហាញការសារទរ នឹងរំពឹងថា ​ផែនការនេះ នឹងជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍​ដល់​ប្រជាពលរដ្ឋភ្នំពេញ៕