មនុស្ស១៩នាក់បានស្លាប់ដោយសារការផ្ទុះហ្គាសនៅទីក្រុងតេអេរ៉ង់
ទីក្រុងតេអេរ៉ង់៖ មានមនុស្ស១៩នាក់បានស្លាប់ និង៦នាក់រងរបួសកាលពីថ្ងៃអង្គារទី៣០ ក្នុងឧប្បត្តិហេតុផ្ទុះហ្គាសក្នុងគ្លីនិកវេជ្ជសាស្ត្រមួយនៅភាគខាងជើងទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មាន Reuters។
អភិបាលរងក្រុងតេអេរ៉ង់ និងមន្ត្រីសុខាភិបាល បាននិយាយនៅក្នុងទូរទស្សន៍ថា ការផ្ទុះនេះបណ្តាល មកពីការធ្លាយបំពង់ហ្គាស ហើយពេលនេះភ្លើងដែលឆាបឆេះក៏ត្រូវបានពន្លត់រួចរាល់ហើយ។
វីដេអូមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីការផ្ទុះយ៉ាងខ្លាំងនៅតំបន់ភាគខាងជើង នៃតេអេរ៉ង់ និងបង្ហាញពីក្រុមពន្លត់អគ្គីភ័យប្រើកាំជណ្តើរដើម្បីឡើងទៅដល់ដំបូលអាគារដែលកំពុងឆាបឆេះ។
គួររម្លឹកផងដែរថា កាលពីសប្តាហ៍មុនក៏មានការផ្ទុះមួយបានកើតឡើងផងដែរ នៅក្បែរទីតាំងយោធាក្នុង ក្រុងតេអេរ៉ង់ ដែលក្រសួងការពារជាតិបាននិយាយថា បណ្តាលមកពីធ្លាយធុងហ្គាសនៅកន្លែងផ្ទុកឧស្ម័ន៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ