ដូណាល់ត្រាំ និងភរិយាកំពុងធ្វើចត្តាឡីស័ក និងរង់ចាំលទ្ធផលតេស្តកូវីដ១៩ បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់របស់លោកបានឆ្លងវីរុសកូវីដ១៩
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ និងភរិយារបស់លោក អ្នកស្រី មេឡានៀ ត្រាំ (Melania Trump) កំពុងចាប់ផ្តើមធ្វើចត្តាឡីស័ក និងរង់ចាំលទ្ធផលតេស្តកូវីដ១៩ បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោកត្រាំ ដែលលោកបានចំណាយពេលជាច្រើនជាមួយនៅសប្តាហ៍នេះ ត្រូវបានគេរាយការណ៍ថា មានឆ្លងវីរុសកូវីដ១៩។

ដូណាល់ត្រាំបានបង្ហោះសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) ថា រូបលោក និងភរិយា នឹងធ្វើ ចត្តាឡីស័ក ហើយពេលនេះកំពុងរង់ចាំលទ្ធផលតេស្ត។
ទីប្រឹក្សាជាន់ខ្ពស់ដ៏ជិតស្និទ្ធរបស់លោកត្រាំមួយរូប គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ត្រូវបាន ឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ កាលពីថ្មីៗនេះនៅពេលធ្វើដំណើរទៅវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែន (Cleveland) កាលពីថ្ងៃអង្គារ និងទៅចូលរួមក្នុងយុទ្ធនាការឃោសនា បោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋមីននីសូតា (Minnesota)។
សូមជម្រាបថា សេតវិមានមិនទាន់បានឆ្លើយតបភ្លាមៗនឹងសំណួរជាច្រើនដែលពាក់ព័ន្ធនឹងលទ្ធផល តេស្តចុងក្រោយរបស់លោកត្រាំ និងបុគ្គលិករបស់លោកជាច្រើនទៀត ដែលរួមដំណើរជាមួយលោកស្រីទីប្រឹក្សាដែលបានឆ្លងវីរុសនៅឡើយទេ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ