រដ្ឋមន្ត្រីការងារស្នើឯកអគ្គរាជទូតជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងលើកទឹកចិត្តអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា ព្រមទាំងពង្រីកទីផ្សារនៅជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៉ីរ៉ូ បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។

 
រដ្ឋមន្ត្រីការងារស្នើឯកអគ្គរាជទូតជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងលើកទឹកចិត្តអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា ព្រមទាំងពង្រីកទីផ្សារនៅជប៉ុន

ការស្នើយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយឯកឧត្តមឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។

លើក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០,០០០នាក់។

នៅក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។

គោលនយោបាយនេះ ក៏កំពុងត្រូវការការចូលរួមជួយពីសំណាក់ដៃគូជាច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការបណ្ដុះបណ្ដាលលើជំនាញអគ្គិសនីផងដែរ។

ភាគីទាំងពីរ បានលើកឡើងទៀតថា សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់អ្នកវិនិយោគទុន ។ កន្លងមកនេះ ទំនាក់ទំនាក់ដ៏ល្អរវាងកម្មករនិយោជិតរបស់កម្ពុជា និងថៅកែជាជនជាតិជប៉ុនមានភាពស្និទ្ធស្នាល ចេះយោគយល់អធ្យាស្រ័យគ្នា ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនផងដែរ៕

ប្រភព: ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ