ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងសឹង្ហបូរី រួមជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងសឹង្ហបូរី ដើម្បីពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

 
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងសឹង្ហបូរី រួមជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់​ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ក្នុងគោលបំណងពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី  ជាពិសេស បម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ ដើម្បីជំរុញឱ្យគម្រោងនេះមានដំណើរការកាន់តែរលូន និងឆ្ពោះទៅមុខ តាមផែនការ ក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ ហើយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានការណែនាំនិងចង្អុលបង្ហាញបន្ថែម មុនចាប់ផ្តើមកិច្ចប្រជុំលើកក្រោយ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសសើរ និងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ​ និងក្រុមហ៊ុនវិនិយោគ ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការរលូនស្របតាមកាលវិភាគ​ ដែលបានគ្រោងទុក៕

 

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន