[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ-១៩ មាន ០១នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ
កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន០១ករណីបន្ថែមទៀត និងពុំមានអ្នកឆ្លងថ្មីឡើយគិតមកត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០នេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៣១នាក់ ឬស្មើនឹង ៩២,៩១% នៃអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ថាកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ជាសះស្បើយចំនួន០១ ករណីបន្ថែម និងពុំមានអ្នកឆ្លងថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៣១នាក់ នៃចំនួនអ្នកឆ្លងវីរុសទាំងអស់ ១៤១នាក់នៅទូទាំងប្រទេស។
ករណីជាសះស្បើយចំនួន០១នាក់ គឺបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២២ឆ្នាំ អាស័យដ្ឋានបណ្តោះអាសន្ននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរម្លឹកផងដែរថា គិតមកត្រឹមម៉ោង៧:00ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០នេះ អ្នកដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម ១០នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងនោះមានស្រី្ត ០១នាក់ និងបុរស ០៩នាក់៕
ប្រភព: ក្រសួងសុខាភិបាល