ភាពតានតឹងអាមេរិក-អុីរ៉ង់ នៅតែបន្ត ខណៈការចរចាការទូតនៅតែមិនទាន់ច្បាស់លាស់
ស្ថានការណ៍ជម្លោះរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ដែលបានឈានចូលដល់ថ្ងៃទី ៣៤ ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ដូចជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសុន្ទរកថាទៅកាន់ជាតិ ដោយអះអាងថា សហរដ្ឋអាមេរិកបានសម្រេចនូវជ័យជម្នះជាច្រើនលើវិស័យយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណា លោកប្រធានាធិបតីក៏បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែបើកចំហរចំពោះការចរចាការទូត ដើម្បីបញ្ចប់សង្គ្រាមនេះ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លោក ត្រាំ បានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងថា រាល់ការចរចាណាមួយនឹងត្រូវពិចារណាបានលុះត្រាតែច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ត្រូវបានបើកឱ្យដំណើរការឡើងវិញដោយសេរី និងគ្មានការរារាំង។ លើសពីនេះ លោកបានព្រមានថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះទេ អាមេរិកនឹងបន្តប្រតិបត្តិការយោធាថែមទៀត ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។
មន្ត្រីអ៊ីរ៉ង់បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថាក្រុងតេអេរ៉ង់បានស្នើសុំបទឈប់បាញ់ ដោយចាត់ទុកថាជាព័ត៌មានមិនពិត។ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ពួកគេចង់បានដំណោះស្រាយអចិន្ត្រៃយ៍មួយ ដែលធានាថាទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបញ្ឈប់រាល់ការវាយប្រហារមកលើប្រទេសខ្លួនទាំងស្រុង៕



ប្រភព៖Al Jazeera English


















