សង្គ្រាមពាក្យសម្តី រវាងអាមេរិក និងអុីរ៉ង់ កាន់តែក្តៅគគុក
ជម្លោះរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ មិនត្រឹមតែមានការប្រយុទ្ធគ្នានៅលើសមរភូមិជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជា សង្គ្រាមលើប្រព័ន្ធផ្សព្វផ្សាយ ដ៏ខ្លាំងក្លាមួយផងដែរ។
មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានបង្ហោះវីដេអូបង្ហាញពីការបាញ់សាកល្បងមីស៊ីល ដែលមានសរសេរអក្សរចំអកដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
សកម្មភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងការព្រមានដ៏ធ្ងន់ធ្ងររបស់លោក ត្រាំ កាលពីពេលថ្មីៗនេះ ដែលថាអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ឱ្យត្រឡប់ទៅ យុគសម័យថ្មវិញ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នៅក្នុងវីដេអូនោះ គេឃើញកងកម្លាំងអ៊ីរ៉ង់ បានបង្ហាញមីស៊ីលដែលមានបិទសារចំអកផ្សេងៗ ដែលជាការតបតយ៉ាងចាស់ដៃទៅនឹងការគំរាមកំហែងរបស់មេដឹកនាំអាមេរិក។
មិនមែនមានតែមីស៊ីលនោះទេ អ៊ីរ៉ង់បានប្រើប្រាស់យុទ្ធសាស្ត្រ ទ្រីលីង ឬការចំអកតាមអនឡាញយ៉ាងសកម្ម។ តាមរយៈរូបភាពវីដេអូកាត់តបែបកំប្លែង និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងឃោសនា ភាគីអ៊ីរ៉ង់កំពុងព្យាយាមផ្លាស់ប្តូរទស្សនៈរបស់ពិភពលោក និងដាក់សម្ពាធផ្លូវចិត្តមកលើរដ្ឋាភិបាលអាមេរិក។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ក៏បានចេញមុខព្រមានជាបន្តបន្ទាប់ ដោយច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថាសមត្ថភាពយោធារបស់ខ្លួនត្រូវបានកម្ទេចអស់។
អ្នកវិភាគមើលឃើញថា ការធ្វើបែបនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីបង្ហាញថាខ្លួនមិនមានភាពភ័យខ្លាចចំពោះការគំរាមកំហែងរបស់អាមេរិកឡើយ។ ទោះបីជាអាមេរិកកំពុងបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាក៏ដោយ ក៏ស្ថានភាពនេះបង្ហាញថា ភាគីទាំងពីរនៅតែមិនទាន់រកឃើញផ្លូវចេញណាមួយ ដែលអាចនាំឱ្យមានបទឈប់បាញ់នៅឡើយ៕


ប្រភព៖Al Jazeera English


















