អុីរ៉ង់បើកការវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ Amazon ក្នុងប្រទេសបារ៉ែន

ស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលដល់របត់ថ្មីមួយទៀតហើយ នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ នេះ បន្ទាប់ពីកងកម្លាំងអុីរ៉ង់បានកំណត់គោលដៅវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក។

 
អុីរ៉ង់បើកការវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ Amazon ក្នុងប្រទេសបារ៉ែន

កាលពីថ្ងៃពុធកន្លងទៅ មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Amazon Web Services ឬហៅកាត់ថា AWS ស្ថិតនៅក្នុងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Batelco ក្នុងតំបន់ Hamala ប្រទេសបារ៉ែន ត្រូវបានរងការវាយប្រហារដោយមីស៊ីល និងដ្រូនយ៉ាងធ្ងន់ធ្ងរ។ ក្រសួងមហាផ្ទៃបារ៉ែនបានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលជាច្រើនម៉ោងដើម្បីគ្រប់គ្រងស្ថានការណ៍ បន្ទាប់ពីមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។
យុទ្ធនាការនេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសជាសាធារណៈថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចំនួន ១៨ រួមមាន Amazon, Google និង Microsoft គឺជា «គោលដៅយោធាស្របច្បាប់»។ អ៊ីរ៉ង់បានចោទប្រកាន់ថា ហេដ្ឋារចនាសម្ព័ន្ធ Cloud ទាំងនេះ កំពុងត្រូវបានប្រើប្រាស់ដោយយោធាអាមេរិក និងអ៊ីស្រាអែល សម្រាប់ការបញ្ជាប្រតិបត្តិការសង្គ្រាម និងការកំណត់គោលដៅវាយប្រហារមកលើខ្លួន។
សូមជម្រាបថា ការវាយប្រហារនេះបានបង្កឱ្យមានផលប៉ះពាល់ដូចជា ប្រព័ន្ធធនាគារ កម្មវិធីទូទាត់ប្រាក់ និងសេវាកម្មរដ្ឋាភិបាលក្នុងតំបន់ឈូងសមុទ្របានជួបការរអាក់រអួល។
គួររម្លឹកថា អ៊ីរ៉ង់បានព្រមានឱ្យបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ចាកចេញពីការិយាល័យ និងបានបង្គាប់ឱ្យប្រជាជនរស់នៅក្បែរនោះជម្លៀសខ្លួនចេញជាបន្ទាន់៕

Iran Hits Bahrain Site Hosting Amazon Web Services In First Strike On US  Tech Giants After Threat; Infrastructure Damaged

ប្រភព៖Reuters