អង្គការ WCS សហការជាមួយរដ្ឋបាលជលផល លែងកូនកន្ធាយក្បាលកង្កែបចំនួន ១៤៨ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ
កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន ១៤៨ក្បាល ដែលមានអាយុចន្លោះពី ១សប្តាហ៍ទៅ ៣សប្តាហ៍ ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS។
បើតាមអង្គការ WCS នៅក្នុងរដូវពងកូនឆ្នាំ ២០២១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះ ក្រុមការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ៥៨សម្បុក មានចំនួន ២ ០៥៨ ពង។ បើគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសា ឆ្នាំ២០២១នេះ កូនកន្ធាយក្បាលកង្កែបចំនួន ៥៥៩កូន បានញាស់ចេញពីសម្បុកចំនួន ២៨សម្បុក ដោយជោគជ័យ។ ជាមួយគ្នានេះ កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុកក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្នដើម្បីឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
អង្គការ WCS បានឱ្យដឹងថា ក្រុមការងារគ្រោងនឹងលែងកូនល្មិចទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
សូមបញ្ជាក់ផងដែរថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ក្រោមគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ» Margaret A. Cargill Philanthropy, គម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID និង Turtle Survival Alliance ៕
ប្រភព: ក្រសួងព័ត៌មាន