ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួង ធនធានទឹក និងឧតុនិយម និងជានាយកគ្រប់គ្រងគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណកម្មាការសម្របសម្រួលលើកទី១ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា
នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួង ធនធានទឹក និងឧតុនិយម និងជានាយកគ្រប់គ្រងគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណកម្មាការសម្របសម្រួលលើកទី១ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជាដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុ និយម លោកប្រធាននាយកដ្ឋានក្រោមឪវាទក្រសួង លោកស្រី Miyahara Ai ប្រធានស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Tokuwaka Masazumi ប្រធានទីប្រឹក្សាគម្រោង ជំនាញការប្រចាំគម្រោង មន្ត្រីសមភាគីគម្រោង និងតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធសរុបចំនួន ៥០នាក់។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើលទ្ធផលការងារដែលគម្រោងសម្រេចបានក្នុងរយៈពេល ០៦ខែ កែសម្រួលផែនការរួមរបស់គម្រោង អនុម័តផែនការប្រចាំឆ្នាំគម្រោងវាយតម្លៃការអនុវត្តគម្រោង ផ្លាស់ប្តូរយោ បល់ និងដោះស្រាយនូវបញ្ហាប្រឈមក្នុង អំឡុងពេលនៃការអនុវត្តគម្រោង។
គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា មានសារៈសំខាន់ក្នុងការកសាង និងការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង តាមរយះការផ្ទេរចំណេះដឹងពីជំនាញការបច្ចេកទេសជប៉ុនប្រចាំគម្រោង លើ ការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រ។ បន្ថែមលើនេះ គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា នឹងផ្តល់ជាមូលដ្ឋានបទដ្ឋានបចេ្ចកទេសរួម សម្រាប់ការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារា សាស្ត្រឲ្យមានសង្គតភាពគ្រប់គម្រោងដែលប្រើប្រាស់ថវិកាជាតិ និងគម្រោងប្រើប្រាស់ថវិការបស់ដៃគូអភិវឌ្ឍន៍ នាពេលអនាគត។
គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រមានរយះពេល ៤ឆ្នាំ ដែលចាប់ផ្តើមដំណើរការ សកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម