រដ្ឋបាលខេត្តសៀមរាបរំពឹងថា នឹងទទួលបានភ្ញៀវទេសចរ ជាច្រើននៅក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះ
សៀមរាប ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកលឆ្នាំ២០២៣ ខាងមុខ នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាប និងមន្ទីរអង្គរភាពពាក់ព័ន្ធនានា បានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនសម្រាប់ ទទួលភ្ញៀវទេសចរមកកម្សាន្តសប្បាយ ដូចជា កម្មវិធីជិះទូកកម្សាន្តតាម ដងស្ទឹងសៀមរាប ការតាំងពិព័រណ៍ កម្មវិធីផ្សារទឹក កម្មវិធីប្រគំតន្ត្រីនៅសួនព្រះរាជដំណាក់ និងនៅតំបន់ ផាប់ស្ត្រីត តន្ត្រីស្គរដៃ មានរៀបចំភ្លើងលម្អតាមដងស្ទឹង និងតាមស្ពានចាប់ពីស្ពាន មន្ទីរទេស ចរណ៍ចាស់ ដល់ស្ពានថ្មវត្តដំណាក់ មានរៀបចំអនាម័យ សណ្តាប់ធ្នាប់ចរាចរណ៍។ កម្មវិធី ទាំងនេះ នឹងចាប់ផ្តើមលេងកម្សាន្តពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
លោក លី វណ្ណៈ បានបន្តថា ការរៀបចំរហូតមកដល់ថ្ងៃទី២២នេះ សម្រេចបានពី ៣០ ទៅ៤០ភាគរយហើយ។ ដោយសារស្ថានភាពកូវី១៩ បានធូរស្រាល លោករំពឹងថា នៅក្នុង ឱកាសឆ្លងឆ្នាំសកល២០២២ ចូល២០២៣នេះ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរ ជាច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក។
លោក ហ្វី លិបកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឱ្យដឹងដែរថា ឆ្នាំនេះយើងឃើញថា រដ្ឋបាលខេត្តសៀមរាបតុបតែងលម្អក្រុងបានល្អណាស់ សម្រាប់ ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាបនេះ។ ប៉ុន្តែ សម្រាប់ការសង្គេត ឃើញរបស់លោក សន្ទុះនៃការកក់បន្ទប់ស្នាក់នៅហាក់នៅមិនទាន់មានច្រើននៅឡើយទេ។ បន្ទាប់ពីស្ថានភាពកូវីដ១៩ មានការធូរស្រាល យើងទើបតែទទួលបានភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តសៀមរាបនេះវិញប្រមាណជា៣០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាង នេះក្តីលោកគិតថា ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ពួកគាត់មិនសូវចូលចិត្តកក់បន្ទប់ ស្នាក់នៅមុនទេ ពួកគាត់មកដល់ទើបជួលបន្ទប់ស្នាក់នៅតែម្តង។ ដូចនេះយើងរង់ចាំមើល សន្ទុះភ្ញៀវទេសចរនៅថ្ងៃឆ្លងឆ្នាំតែម្តង៕
ប្រភព៖ ក្រសួងព័ត៌មាន