កុំតក់ស្លុតនឹង COVID-19 កំពុងរាតត្បាតខ្លាំងពេក! ការញ៉ាំអាហារទាំងនេះ ក៍អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានដែរ
សម័យនេះ ជាតិគីមីក៏ច្រើន បរិស្ថានជុំវិញកន្លែងយើងរស់នៅក៏មិនល្អគ្រប់កន្លែងដែរ មេរោគថ្មីៗក៏កើតមានច្រើន ជាក់ស្តែងដូចជាមេរោគកូរ៉ណា COVID-19 បានរាតត្បាតពាសពេញពិភពលោក។ ហេតុនេះ យើងគួរចេះការពារខ្លួនឲ្យបានច្រើន ពីមេរោគ បាក់តេរី និងជាតិគីមី មិនមែនការពារតែខាងក្រៅខ្លួននោះទេ ត្រូវចេះការពារពីក្នុងខ្លួនវិញផង។
តើការពារពីខាងក្នុងដោយវិធីណា? ការការពារពីក្នុង សម្ដៅលើការពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើង ខណៈអាហារជាវិធីសាស្ត្រល្អមួយ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំបាន។ ដូចនេះយើងនឹងណែនាំរបបអាហារមួយចំនួន ដែលល្អខ្លាំងសម្រាប់ប្រព័ន្ធភាពស៊ាំយើង និងអាចប្រយុទ្ធនឹងវីរុស ឬបាក់តេរី ពីខាងក្រៅបាន។
1.ការញ៉ាំផ្លែឈើ និងបន្លែ
ការញ៉ាំផ្លែឈើ និងបន្លែ វាមានផ្ទុកនៅជាតិវីតាមីនជាច្រើន ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធភាពស៊ាំ។ ជាក់ស្តែង វីតាមីន C ក្នុងអាហារមួយចំនួន ជាពិសេសផ្លែស្ត្រប៊ឺរី ម្ទេសប្លោក ផ្កាខាត់ណាខៀវ និង ក្រូចឆ្មា សុទ្ធតែអាចជួយដល់ដំណើរការកោសិការបស់ប្រព័ន្ធភាពស៊ាំ រាប់បញ្ចូលទាំងជួយបង្កើនកោសិកា Phagocytes ដែលមានសកម្មភាពសម្លាប់មេរោគជ្រៀតចូលមកក្នុងរាងកាយ។
វីតាមីន A អាចជួយដល់ជាលិកាក្នុងក្រអូមមាត់ ពោះវៀន និងជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ ខណៈវីតាមីនប្រភេទនេះ សម្បូរនៅក្នុងដំឡូងបារាំង ស្ពៃពួយឡេង ការ៉ុត និងត្រសក់ផ្អែម។ ត្រូវចាំថា ញ៉ាំផ្លែឈើ និងបន្លែជាប្រចាំ គឺល្អជាងញ៉ាំថ្នាំបំប៉នដែលមានតែវីតាមីនមួយប្រភេទ ព្រោះសមាសភាពទាំងអស់ក្នុងអាហារយើងញ៉ាំ មានសកម្មភាពផ្ទាល់ដើម្បីការពាររាងកាយពីជំងឺផ្សេងៗ។
2.គ្រឿងផ្សំក្នុងអាហារ
គ្រប់ប្រភេទអាហារ សុទ្ធតែផ្តល់នូវសមាសធាតុចាំបាច់ជាច្រើន ជួយឲ្យសុខភាពល្អ និងជំរុញថាមពល គ្រឿងផ្សំក្នុងអាហារ ក៏ដូចគ្នា។ ជាតិហឺរ និងឈួល ដូចជា ស្លឹកខ្ទឹម ខ្ទឹមស ខ្ញី និង ស្លឹក Oregano (ស្រដៀងជីរ) ត្រូវបានគេសិក្សារកឃើញថា មានសមត្ថភាពដូចជាទៅនឹងសារធាតុប្រឆាំងពពួកអតិសុខុមប្រាណ ប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននាទីការពារគ្រប់កោសិកាក្នុងរាងកាយ។
ការប្រើប្រាស់សារធាតុទាំងនេះ ក្នុងការព្យាបាល គឺមានប្រសិទ្ធភាពដូចគ្នា ទាំងការចម្រាញ់យកជាថ្នាំ និងការញ៉ាំផ្ទាល់។ ប៉ុន្តែបើយើងប្រើគ្រឿងផ្សំទាំងនេះ ក្នុងអាហារប្រចាំថ្ងៃ នឹងបន្ថែមគុណប្រយោជន៍សំខាន់ជាច្រើនទាំងរសជាតិដ៏ជាប់ចិត្ត ក៏ដូចជាសុខភាពកាន់តែល្អ។
3.ការផឹកទឹក
ការផឹកទឹក ជួយកាត់បន្ថយការស្រេកឃ្លាន។ ការផឹកទឹកអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតដោយសារតែពេញពោះ ហើយធ្វើឱ្យអ្នកញ៉ាំតិចជាងមុន។ ម៉្យាងវិញទៀតការផឹកទឹក ជួយកាត់បន្ថយជាតិកូឡេស្តរ៉លបានទៀតផង។បើអ្នកផឹកទឹកបានត្រឹមត្រូវតាមក្បួនខ្នាតវាអាចជំនួយក្រពះហើយនឹងអាចជួយឱ្យបង្កើនការរំលាយអាហារពី ១០ ទៅ ២០ ភាគរយថែមទៀតផង។
ដោយ ៖ ជា បញ្ញា