កម្ពុជាបិទជាបណ្តោះអាសន្នការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីការបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចាប់ពីថ្ងៃទី១៧ មីនា ២០២០នេះតទៅ រហូតដល់ស្ថានភាពជំងឺកូវីដមានភាពធូរស្រាលឡើងវិញ។
ការប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាផ្សេងៗទៀត។
សូមរម្លឹកផងដែរថា ការប្រកាសឱ្យបិទជាបណ្តោះអាសន្នការជួបជុំបែបសាសនានេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន១២នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបកើនដល់ ២៤នាក់ហើយ៕
ដោយ៖ ចាប មិថុនា