ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា អបអរខួបគម្រប់១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនៅប្រទេសកូរ៉េ
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដែលបានរៀបចំឡើងនាទីស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
កិច្ចប្រជុំដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយបន្ទាប់ពីសុន្ទរកថាបើកកិច្ចប្រជុំរបស់ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិរួចមក ឯកឧត្តមឯកឧត្តម អ៊ាង សុផល្លែតដែលជាប្រធានប្រតិភូកម្ពុជា ហើយក៏ជាភ្ញៀវដែលត្រូវបានគេអញ្ជើញជាពិសេសក្នុងចំណោមបណ្តាប្រទេសសមាជិក ដើម្បីឡើងថ្លែងសុន្ទរកថាពិសេសសម្រាប់អបអរខួបគម្រប់១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនេះផងដែរ។
នៅក្នុងសុន្ទរកថាពិសេសនេះឯកឧត្តម អ៊ាង សុផល្លែតបានថ្លែងបញ្ចាក់ឱ្យដឹងថា ក្នុងនាមជាប្រទេសស្ថាបនិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល កម្ពុជាពិតជាមានមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក ហើយថ្លែងអំណរគុណចំពោះការចូលរួមរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលក្នុងចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានរំលេចអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលទើបធ្វើវិសោធនកម្មនៅឆ្នាំ២០២១ដែលជំរុញលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យានិងការវិនិយោគបៃតង។
លើសពីនេះទៀត ឯកឧត្តមប្រធានបានថ្លែងដោយធ្វើការរំលេចនូវគម្រោងមួយចំនួន រួមទាំងការអភិវឌ្ឍធនធានមនុស្សលើវិស័យថាមពលអុីដ្រូសែនបៃតង ការអភិវឌ្ឍសហគមន៍គ្មានការបញ្ចេញកាបូន ការផលិតថង់ពីសារធាតុដែលងាយរលាយ (Biodegradable plastic) ជំនួសថង់ប្លាស្ទិក ដែលនៅកម្ពុជាសម្បូរនូវវត្ថុធាតុដើមស្រាប់ និងគម្រោងដទៃទៀត ដែលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលអាចពិនិត្យ ពិចារណាចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។
សូមបញ្ជក់ផងដែរថា ប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ រួមមាន ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាន និងកំពុងចូលរួមព្រឹត្តិការណ៍អមនានា និងកិច្ចប្រជុំរួមមាន៖ ១.កិច្ចប្រជុំពេញអង្គលើកទី១១និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ២.កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ៣. ព្រឹត្តិការណ៍អមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» និង។ល។
ប្រភព៖ Ministry of Environment