ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០កាលពីម្សិលមិញ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ រៀបចំខ្លឹមសារ បច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រោមអធីបតីភាព ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានលើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធមួយចំនួនពីបណ្តាអគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ ធ្វើជាធាតុចូលលើសេចក្តីព្រាងស្ដីពី ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលថ្នាក់ជាតិដែលដឹកនាំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍បន្តថា ចំពោះក្រសួងមហាផ្ទៃ បានផ្តោតសំខាន់លើគម្រោងជាអាទិភាពចំនួន៤ រួមមាន៖
ទី១ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ
ទី២ ការងារចុះបញ្ចីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
ទី៣ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍
ទី៤ ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ តាមការិយាល័យច្រកចេញចូលតែមួយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងជួររាជរដ្ឋាភិបាលដើម្បីបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា