អ្នកគាំទ្រក្រុម Paris Saint German (PSG) ១៤៨នាក់ ត្រូវបានប៉ូលីសចាប់ខ្លួនដោយសារធ្វើកុបកម្ម បន្ទាប់ពីចាញ់ Bayern Munich
ទីក្រុងប៉ារីស៖ ក្រុមប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស១៤៨នាក់ ដោយសារអ្នកគាំទ្រ ក្រុមកំពូលនៅលីគបារាំង Paris St. German (PSG) ដុតឡានជាច្រើនគ្រឿង និងប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចនៅក្នុងរដ្ឋធានីនៃប្រទេសបារាំង ក្រោយពីចាញ់ Bayern Munich ក្នុងវគ្គផ្តាច់ព្រាត់យូហ្វាឆេមពានលីគ (Uefa Champions League) កាលពីយប់មិញ។
បន្ទាប់ពីបានឃើញលទ្ធផល ១ទល់នឹង០ កាលពីយប់មិញនេះ អ្នកគាំទ្រជាង៥០០០នាក់ដែលប្រមូលផ្តុំគ្នាទស្សនាតាមផ្ទាំងស្រ្គីន (Screen) នៅទីក្រុងប៉ារីស បានដុតកាជ្រួច ភ្លើងផ្សែង បង្កភាពចលាចល ដុតបំផ្ទុះរថយន្ត និងស្រែកបន្ទរសម្លេងមិនពេញចិត្តជាខ្លាំងចំពោះ PSG ហើយក៏បានប៉ះទង្គិចជាមួយនឹងក្រុមប៉ូលីសដែលប្រដាប់ដោយឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងសមរភូមិវាលស្មៅដ៏ក្តៅគគុកកាលពីយប់មិញនេះ PSG ដែលទើបតែឡើងមកវគ្គផ្តាច់ព្រាត់យូហ្វាឆេមពានលីគលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គេ បានហាលអាវត្រឡប់ទៅទីក្រុងប៉ារីសវិញ ដោយចាញ់ក្រុមយក្សអាឡឺម៉ង់ ១ទល់នឹង០ ផងដែរ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ