ការ៉ាតេកម្ពុជាឈ្នះមេដាយជើងឯកនៅថៃ ជាក្តីសង្ឃឹមកាន់តែខ្ពស់ឆ្ពោះទៅគោលដៅធ្វើម្ចាស់ផ្ទះ ស៊ី ហ្គេម ២០២៣

កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ដែលនេះគឺជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

 
ការ៉ាតេកម្ពុជាឈ្នះមេដាយជើងឯកនៅថៃ ជាក្តីសង្ឃឹមកាន់តែខ្ពស់ឆ្ពោះទៅគោលដៅធ្វើម្ចាស់ផ្ទះ ស៊ី ហ្គេម ២០២៣

លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានគូសបញ្ជាក់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ រួមមាន៖ មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ៤គ្រឿង។ មេដាយប្រាក់លើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាករ ងួន សុខក្រៃលែង, កីឡាករ ស្រៀងវិរៈ, និងកីឡាការិនី ឆន ស្រីភា, ខណៈមេដាយសំរឹទ្ធិលើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាការិនី សំណាង ឧត្តរ៉ា, កីឡាករ ជ្រុន វិរៈបុត្រ, និងកីឡាករ ប៊ិន ម៉េងលី។ ចំពោះមេដាយសំរឹទ្ធិ១គ្រឿងទៀត(ជាក្រុម)ដណ្តើមបានដោយកីឡាការិនី ឆន ស្រីភា, កីឡាការិនី វ៉ាន់ ចរិយា, កីឡាការិនី លឹម សុខវិច្ឆិកា, និងកីឡាការិនី ភួង សុផល។

ព្រឹត្តិការណ៍ Thailand Open Karate-DO Championship 2022 កម្ពុជាបានបញ្ជូនប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ១រូប នាយកបច្ចេកទេស១រូប ជំនួយការបច្ចេកទេស២រូប អាជ្ញាកណ្តាល៣រូប គ្រូបង្វឹក គ្រូជំនួយ ៦រូប កីឡាករ-កីឡារិនី៣៦នាក់។

បើតាមការឱ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាធ្លាប់បញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធតែងតែផ្តល់ការណែនំា និងលើកទឹកចិត្តដល់អ្នកជំនាញសហព័ន្ធ រួមទាំងគ្រូបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិខិតខំឱ្យរឹងមាំ ដើម្បីជោគជ័យស៊ីហ្គេម ២០២៣៕


ប្រភព៖ ក្រសួងព័ត៌មាន