រញ្ជួយដីខ្លាំងនៅឥណ្ឌូណេស៊ីសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់និងមនុស្សរាប់រយនាក់រងរបួស
ចាកាតា: រញ្ជួយដីកម្រិត ៦.២ រិុចទ័រនៅកោះ Sulawesi ក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់និងរាប់រយនាក់ទៀតរងរបួស ខណៈដែលពលរដ្ឋជាច្រើននាក់មានការភិតភ័យស្លន់ស្លោបានភៀសខ្លួនទៅកាន់តំបន់ដែលមានសុវត្ថិភាព បន្ទាប់ពីអគារជាច្រើនត្រូវបានដួលរលំខូចខាត។នេះបើយោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី (BNPB) ដែលបានចុះផ្សាយដោយសារព័ត៌មាន CNA ។
សូមជម្រាបថា ព័ត៌មានដំបូងពីក្រុមទីភ្នាក់ងារ BNPB បានបង្ហាញថាមនុស្ស ៤ នាក់បានស្លាប់និង ៦៣៧ នាក់ទៀតបានរងរបួសនៅក្នុងរដ្ឋ Majene ខណៈដែលមានអ្នកស្លាប់ ៣ នាក់បន្ថែមទៀតនិងរងរបួស ២៤ នាក់នៅក្នុងតំបន់ Mamuju ដែលជារដ្ឋធានីនៃខេត្ត West Sulawesi នៃប្រទេសឥណ្ឌូណេស៊ី។
ទីភ្នាក់ងារនេះបាននិយាយបន្ថែមថាមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះ ដើម្បីស្វែងរកទីសុវត្ថិភាពនៅពេលដែលមានការរញ្ជួយដីបានកើតឡើងនៅម៉ោង ១ ព្រឹកថ្ងៃសុក្រ ទី១៥ នេះដែលមានរយៈពេល ៧ វិនាទីប៉ុន្តែវាមិនបង្កឱ្យមានរលកយក្សស៊ូណាមិទេ ហើយការរញ្ជួយដីនេះដែរបានបំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់ ៦០ខ្នង។
គួរបញ្ជាក់ថា អគារមួយចំនួនបានខូចខាតយ៉ាងធ្ងន់ធ្ងររួមមានសណ្ឋាគារចំនួន ២ ការិយាល័យអភិបាលខេត្ត ផ្សារទំនើបមួយឈ្មោះថា Sudirman Samual និងខូចខាតស្ពានផងដែរ។
សូមរម្លឹកថា នៅឆ្នាំ ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ុិចទ័រដ៏សាហាវព្រមជាមួយនឹងរលកយក្សស៊ូណាមី បានវាយប្រហារទីក្រុង Palu នៅកោះ Sulawesi និងបានសម្លាប់មនុស្សរាប់ពាន់នាក់៕
ប្រភព: CNA ដោយ: ជា បញ្ញា