អាជ្ញាធររាជធានីភ្នំពេញ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ លើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគភ្លាម បន្ទាប់ពីបញ្ឈប់អាជីវករមិនឱ្យលក់

អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគចាស់ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបញ្ឈប់មិនឱ្យលក់តទៅទៀត ដោយតម្រូវឱ្យអាជីវករទាំងអស់ ប្ដូរទីតាំងថ្មីទៅលក់នៅផ្សារដើមគថ្មី ខណ្ឌព្រែកព្នៅ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអាណាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។

 
អាជ្ញាធររាជធានីភ្នំពេញ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ លើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគភ្លាម បន្ទាប់ពីបញ្ឈប់អាជីវករមិនឱ្យលក់

លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពរញ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមករា ឆ្នាំ២០២៦ បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀប ចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អរ សោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាត ឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ ៕
ប្រភព៖​ ក្រសួងព័ត៌មាន