រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ធ្វើអត្តឃាតខ្លួនឯងខណៈវីរុសកូវីដ១៩ជះឥទ្ធិពលដល់សេដ្ឋកិច្ច
លោក Thomas Schäfer រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរដ្ឋ Hesse ប្រទេសអាល្លឺម៉ង់ ដែលរួមបញ្ចូលទីក្រុង Frankfurt ផងនោះ ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរផ្លូវដែក។
បរទេស៖ លោក Thomas Schäfer រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរដ្ឋ Hesse ប្រទេសអាល្លឺម៉ង់ ដែលរួមបញ្ចូលទីក្រុង Frankfurt ផងនោះ ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរផ្លូវដែក។ នេះបើតាមសារព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី២៩ មីនា ២០២០។
លោក Volker Bouffier បានឲ្យដឹងកាលពីថ្ងៃអាទិត្យថាលោក Thomas Schäfer រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរដ្ឋ Hesse ប្រទេសអាល្លឺម៉ង់ បានធ្វើអត្តឃាតខ្លួនឯងបន្ទាប់ពីមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការធ្វើយ៉ាងណាទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
លោក Schäfer អាយុ ៥៤ ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរផ្លូវដែកកាលពីថ្ងៃសៅរ៍ទី២៨ មីនា ២០២០។ ការិយាល័យរដ្ឋអាជ្ញា The Wiesbaden បាននិយាយថា ពួកគេជឿថាគាត់ស្លាប់ដោយសារការធ្វើអត្តឃាត។
លោក Bouffier បានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងតក់ស្លុតយ៉ាងខ្លាំង វាមិនគួរឱ្យជឿឡើយ ហើយរឹតតែសំខាន់បំផុតនោះគឺថា យើងមានទុក្ខក្រៀមក្រំជាពន់ពេក។
ប៉ូលីស និងព្រះរាជអាជ្ញាបាននិយាយថាកត្តានានា រួមទាំងការសាកសួរសាក្សី និងការសង្កេតផ្ទាល់របស់ពួកគេនៅនឹងកន្លែងកើតហេតុបាននាំឱ្យពួកគេសន្និដ្ឋានថា លោក Schäfer ពិតជាបានសម្លាប់ខ្លួនមែន។
Hesse គឺជាចំណុចស្នូលរបស់រដ្ឋធានីហិរញ្ញវត្ថុ Frankfurt ដែលមានស្នាក់ការកណ្តាលស្ថាប័នផ្តល់ប្រាក់កម្ចីធំៗ ដូចជា ធនាគារ Deutsche Bank និង Commerzbank ជាដើម។ ធនាគារកណ្តាលអឺរ៉ុបក៏មានទីតាំងនៅ Frankfurt ផងដែរ។
លោក Bouffier បានលើកឡើងថា លោក Schaefer ដែលបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋ Hesse អស់រយៈពេល ១០ ឆ្នាំមកហើយ បានប្រឹងប្រែងធ្វើការ "ទាំងយប់ទាំងថ្ងៃ" ដើម្បីជួយក្រុមហ៊ុន និងកម្មករដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីការរាតត្បាតនៃវីរុសកូរ៉ូណា។
លោក Bouffier ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អធិការបតី Angela Merkel បាននិយាយថា“ ថ្ងៃនេះយើងអាចសន្មតបានថា គាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង”។
លោកបានបន្ថែមថា “វាច្បាស់ណាស់ក្នុងអំឡុងពេលដ៏លំបាកនេះដែលយើងត្រូវការមនុស្សដូចគាត់”។
លោក Schäfer បានបន្សល់ទុកប្រពន្ធ និងកូនពីរនាក់ឲ្យនៅកំព្រា។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ មីនា ២០២០នេះ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន 62,435 ហើយ ខណៈអ្នកស្លាប់មានចំនួន 541នាក់ និងអ្នកជាសះស្បើយមានចំនួន 9,211 នាក់៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ ចាប មិថុនា