មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា ហើយកំពុងស្នាក់នៅទីក្រុងវ៉ុនសាន់ នេះបើតាមមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង
សេអ៊ូល៖ ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិរបស់ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមាន “ជីវិត និងសុខភាពល្អ” នៅឡើយទេ ខណៈដែលមានពាក្យចរាមអារាមអំពីស្ថានភាពសុខភាពរបស់លោកគីម ជុងអ៊ុន បន្ទាប់ពីអវត្តមានរូបលោកពីពិធីសំខាន់ៗកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
លោក មូន ជុងអ៊ីន ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា រដ្ឋាភិបាលរបស់លោកមានជំហររឹងមាំដដែលអំពីរឿងនេះ ដែលថា លោក គីម ជុងអ៊ុន នៅរស់ និងមានសុខភាពល្អជាធម្មតា។
ទីប្រឹក្សាជាន់ខ្ពស់រូបនេះបាននិយាយថា មេដឹកនាំកំពូលកូរ៉េខាងជើងកំពុងស្នាក់នៅទីក្រុងវ៉ុនសាន់ នៅភាគខាងកើតប្រទេសតាំងពីថ្ងៃទី១៣ ខែមេសា ហើយថាមិនមានសកម្មភាពអ្វីផ្សេងទៀតនោះឡើយ។
ជាមួយគ្នានេះ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំង ក៏បានបដិសេធរបាយការណ៍ដែលថាលោក គីម ជុងអ៊ុន ធ្លាក់ខ្លួនឈឺជាទម្ងន់ផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីពេលវេលាចុងក្រោយបំផុតដែលលោកបានជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងនោះទេ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រថភ្លើងពិសេសមួយគ្រឿងដែលគេសន្និដ្ឋានថាជារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញតាមរយៈប្រព័ន្ធផ្កាយរណបរបស់គម្រោងឃ្លាំងមើលកូរ៉េខាងជើងដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ថាស្ថិតនៅទីក្រុង Wonsan តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។
គម្រោងឃ្លាំងមើលដែលមានឈ្មោះថា 38 North បានរាយការណ៍កាលពីថ្ងៃសោរ៍កន្លងទៅថា គេប្រទះឃើញរថភ្លើងពិសេសបានចតនៅស្ថានីយរថភ្លើងក្នុងទីក្រុង Wonsan កាលពីថ្ងៃទី២១ និង២៣ ខែមេសា។ ស្ថានីយរថភ្លើងនេះអាចប្រើប្រាស់បានសម្រាប់តែគ្រួសារមេដឹកនាំត្រកូលគីម តែប៉ុណ្ណោះ។
មន្ទិលសង្ស័យអំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកើតឡើងកាន់តែខ្លាំងក្រោយពេលដែលលោកអវត្តមាននៅក្នុងទិវារំលឹកខួបកំណើតរបស់បិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏មិនបានលេខមុខក្នុងកិច្ចប្រជុំបក្សពលករកូរ៉េផងដែរកាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ។
សូមរម្លឹកផងដែរថា សារព័ត៌មាន Daily NK ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង និងសារព័ត៌មានជាច្រើនទៀតរបស់សហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទកាលពីដើមសប្តាហ៍មុនថា មេដឹកនាំកំពូលរូបនេះ ទំនងកំពុងមានបញ្ហាសុខភាព ក្រោយពីការវះកាត់បេះដូងរួចកាលពីថ្ងៃទី១២ ខែមេសា៕
ប្រភព៖ AFP, Bloomberg, Reuters ប្រែសម្រួល៖ ចាប មិថុនា