ក្រុមចរចារបស់ប្រទេសកាតា ធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអាមេរិក និងអុីរ៉ង់

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា ក្រុមចរចារបស់ប្រទេសកាតា (Qatar) បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់ ប្រទេសអុីរ៉ង់ហើយ ដើម្បីជួយសម្របសម្រួលស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងដោះស្រាយបញ្ហាដែលនៅសេសសល់រវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ដោយមានការសហការសម្របសម្រួលជាមួយភាគីសហរដ្ឋអាមេរិកផងដែរ។

 
ក្រុមចរចារបស់ប្រទេសកាតា ធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់  ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអាមេរិក និងអុីរ៉ង់

កន្លងមក ប្រទេសកាតាធ្លាប់ធ្វើជាអ្នកកណ្តាលក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា បានដកខ្លួនចេញពីការសម្របសម្រួលក្នុងសង្រ្គាមអ៊ីរ៉ង់ បន្ទាប់ពីទឹកដីរបស់ខ្លួនរងការវាយប្រហារដោយកាំជ្រួច និងដ្រូនពីសំណាក់អ៊ីរ៉ង់ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញឧស្ម័នធម្មជាតិ (LNG) របស់ខ្លួន។ ប៉ុន្តែ ការវិលត្រឡប់មកចូលរួមសារជាថ្មីនេះ គឺធ្វើឡើងស្របពេលដែលប្រទេសប៉ាគីស្ថាន កំពុងដើរតួជាអ្នកសម្របសម្រួលផ្លូវការដ៏ចម្បង។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានមានប្រសាសន៍ថា ការចរចាដោយប្រយោលជាមួយអ៊ីរ៉ង់មានវឌ្ឍនភាពតិចតួច ប៉ុន្តែលោកមិនចង់និយាយបំផ្លើសហួសហេតុពេកនោះទេ ដ្បិតបញ្ហាគន្លឹះមួយចំនួននៅមិនទាន់ដោះស្រាយបាននៅឡើយ ជាពិសេសគឺបញ្ហាស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់អ៊ីរ៉ង់ និងការដែលអ៊ីរ៉ង់ចង់គ្រប់គ្រងព្រមទាំងយកកម្រៃពីការធ្វើនាវាចរណ៍កាត់តាមច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់របស់ពិភពលោក។ លោក រូប៊ីអូ បានសង្កត់ធ្ងន់ថា អាមេរិកមិនអាចទទួលយកការគ្រប់គ្រងច្រកសមុទ្រនេះពីសំណាក់អ៊ីរ៉ង់បានឡើយ។
បច្ចុប្បន្ន សង្រ្គាមដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ បន្ទាប់ពីមានការវាយប្រហារពីអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់នោះ កំពុងស្ថិតក្នុងស្ថានភាពឈប់បាញ់គ្នាយ៉ាងផុយស្រួយ។ ខណៈដែលបណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីតបានចុះផ្សាយពីសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងដែលអាចកើតមាន ភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តការចរចាយ៉ាងតានតឹង ដើម្បីឈានទៅរកការបិទបញ្ចប់សង្រ្គាមជាស្ថាពរ៕

ប្រភព៖Reuters