ប៉ាគីស្ថាន កំពុងលេចធ្លោក្នុងឆាកអន្តរជាតិក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាពរវាងអាមេរិក និងអុីរ៉ង់
ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ប្រទេសប៉ាគីស្ថានបានលេចមុខយ៉ាងលេចធ្លោក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាពដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ ជោគជ័យផ្នែកការទូតរបស់ប៉ាគីស្ថាន កំពុងក្លាយជាបញ្ហាប្រឈមថ្មី និងជា ការដាស់តឿន ដ៏សំខាន់សម្រាប់គូសត្រូវចាស់ គឺប្រទេសឥណ្ឌា។
តាមរយៈអត្ថបទអត្ថាធិប្បាយរបស់ CNA កាលពីពេលថ្មីៗនេះ បានបង្ហាញថា កិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានប្រព្រឹត្តទៅក្នុងទីក្រុង Islamabad កាលពីសប្តាហ៍មុន បើទោះបីជាមិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយក៏ដោយ ប៉ុន្តែវាបានបង្ហាញឱ្យឃើញថា ប៉ាគីស្ថានគឺជាតួអង្គដែលមិនអាចរំលងបានក្នុងភូមិសាស្ត្រនយោបាយតំបន់។ កិច្ចខិតខំប្រឹងប្រែងរបស់មេទ័ពកំពូលប៉ាគីស្ថាន លោក Field Marshal Asim Munir ក្នុងការដើរតួជាស្ពានចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់ បានធ្វើឱ្យប៉ាគីស្ថានទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
សម្រាប់ប្រទេសឥណ្ឌា ភាពជោគជ័យរបស់ប៉ាគីស្ថានលើឆាកអន្តរជាតិនេះ បានបង្កើតជាក្តីបារម្ភ និងភាពស្ទាក់ស្ទើរ។ រដ្ឋាភិបាលក្រុង New Delhi ដែលតែងតែព្យាយាមដាក់ប៉ាគីស្ថានឱ្យនៅឯកោផ្នែកការទូតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ឥឡូវនេះត្រូវប្រឈមមុខនឹងការពិតដែលថា ប៉ាគីស្ថានមានសារៈសំខាន់ខ្លាំងចំពោះមហាអំណាចអាមេរិក និងចិន។ ឥទ្ធិពលកាន់តែខ្លាំងរបស់ប៉ាគីស្ថាន កំពុងធ្វើឱ្យឥណ្ឌាមានអារម្មណ៍ថា បាត់បង់ឱកាស ឬមានការច្រណែនចំពោះការយកចិត្តទុកដាក់ដែលសហគមន៍អន្តរជាតិផ្តល់ឱ្យអ្នកជិតខាងតូចមួយនេះ។
លើសពីនេះ ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ក៏បានកើនឡើងកម្តៅផងដែរ ក្រោយការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរ កាលពីខែមេសា ឆ្នាំ២០២៥ និងប្រតិបត្តិការសងសឹក "Operation Sindoor" របស់ឥណ្ឌា។ ស្ថានភាពនេះបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះដល់ចំណុចសូន្យ សូម្បីតែក្នុងវិស័យកីឡាគ្រីឃីត (Cricket) ក៏កីឡាករមិនចាប់ដៃគ្នាដែរ៕

ប្រភព៖CNA


















