ខ្សែភាពយន្តខ្នាតធំរឿង « វិលវិញសេអ៊ូល » ត្រូវបានជ្រើសយកឲ្យតំណាងប្រទេសកម្ពុជា នៅក្នុង កម្មវិធីពានរង្វាន់ ភាពយន្ត Academy Awards ឬ Oscar លើកទី ៩៥
ខ្សែភាពយន្តខ្នាតធំរឿង « វិលវិញសេអ៊ូល » ‘ Return to Seoul ‘ របស់ផលិតករ ភាពយន្ត ខ្មែរ បារាំង លោក ជូ ដាវី (Davy Chou) ត្រូវបានជ្រើសយកឲ្យតំណាងប្រទេសកម្ពុជា នៅក្នុង កម្មវិធីពានរង្វាន់ ភាពយន្ត Academy Awards ឬ Oscarលើកទី ៩៥ ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៣។
ខ្សែភាពយន្តនេះត្រូវបានសម្ពោធចាក់បញ្ចាំង នៅកម្ពុជា នារោងភាពយន្ត វិទ្យាស្ថានបារាំង ហៅថា Institut français du Cambodge យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោកជំទាវ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោក ជូ ដាវី ដែល ជា ផលិតករ ភាពយន្ត វ័យក្មេង ដ៏ឆ្នើមដែលបានតំណាងឲ្យកម្ពុជា ហើយកំពុងតែធ្វើកិច្ចការ ជាច្រើន ដើម្បីជំរុញឲ្យមាន ការផ្លាស់ប្តូរវិជ្ជមាន ក្នុង វិស័យភាពយន្ត របស់ ប្រទេសកម្ពុជា ។
« វិលវិញសេអ៊ូល » ដឹកនាំរឿងដោយលោក ជូ ដេវី ហើយសាច់រឿបនេះ បាននិយាយអំពីនារីជនជាតិកូរ៉េម្នាក់ វ័យ ២៥ ឆ្នាំ ដែលត្រូវបានគ្រួសារបារាំងមួយយកទៅចិញ្ចឹមតាំងពីកំណើត ហើយបានត្រឡប់មកប្រទេស កូរ៉េខាងត្បូងវិញដើម្បីស្វែងរកគ្រួសារកំណើតរបស់នាង។
លោក ជូ ដាវី បានចំណាយពេលជាង៣ ឆ្នាំ និពន្ធសាច់រឿងនេះឡើង ដោយបានផ្តោតលើ ដំណើរឈ្វេងយល់ពី អត្តសញ្ញាណ និង ដើមកំណើត របស់ស្ត្រី ជនជាតិបារាំងដើមកំណើត កូរ៉េខាងត្បូង ម្នាក់។ ទាំងអស់នេះជារឿងរ៉ាវ ដែលរូប លោកខ្លួនឯងផ្ទាល់ បានឆ្លងកាត់ក្នុងជីវិតជា កូន របស់ ឪពុកម្តាយ ដែលជាជនភៀសខ្លួន ខ្មែរ នៅ ក្នុងប្រទេសបារាំង។
ខ្សែភាពយន្តនេះបានទទួលរង្វាន់ឆ្នើម ពីសំណាក់ ទស្សនិកជនទូទាំងពិភពលោក លើសពីនេះ « វិលវិញសេអ៊ូល » គឺជាភាពយន្តដែលកម្ពុជាជ្រើសតាំងជាតំណាង នៅព្រឹត្តិការណ៍ Academy Awards នៅសហរដ្ឋអាមេរិក ។
ភាពយន្ត « វិលវិញសេអ៊ូល » ត្រូវបានគ្រប់គ្រង ផលិតដោយ ក្រុមហ៊ុន Aurora Films នៅ ប្រទេសបារាំង សហការជាមួយក្រុមហ៊ុន Anti Archive នៅប្រទេសកម្ពុជា ក្រុមហ៊ុន Vandertastic Films នៅ ប្រទេស អាល្លឺម៉ង់ និង ក្រុមហ៊ុន Frakas Pictures នៅ ប្រទេស បែលហ្សិក៕
ប្រភព៖ ក្រសួងព័ត៌មាន