នេត រក្សា ត្រូវបានអ្នករៀបចំកម្មវិធី MUC ប្រកាសដកហូតតំណែងពាក់កណ្ដាលទី!
កាលពីយប់ថ្ងៃទី១០ សីហា ម្សិលមិញនេះអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញរឿងរ៉ាវបវរកញ្ញាចក្រវាល២០២០ ដែលអ្នករៀបចំកម្មវិធីលោក ម៉ែន និមលរ័ត្ន បានប្រកាសផ្លាស់ ប្ដូរតំណែងជ័យលាភីរងទី៣ របស់កញ្ញា នេត រក្សា ផ្ទេរទៅឱ្យបវរកញ្ញា សួន ពិសី វិញម្ដង។
លោក ម៉ែន និមលរ័ត្ន អ្នករៀបចំកម្មវិធី Miss Universe Cambodia បានប្រកាសជាសាធារណៈលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយផ្ទេរតំណែងជ័យលាភីរងទី៣ ទៅឱ្យបវរកញ្ញា សួន ពិសី ដែលជាជ័យលាភីរងទី៤។ នៅត្រង់បញ្ហានេះមហាជន កើតការឆ្ងល់យ៉ាងខ្លាំងជុំវិញដកហូតតំណែង បវរកញ្ញា នេត រក្សា ស្ងាត់ៗបែបនេះ។
ក្នុងនោះលោក ម៉ែន និមលរ័ត្ន មិនបានសរសរបញ្ជាក់អំពីមូលហេតុនៃការផ្ទេតំណែងនេះទេ ប៉ុន្តែលោក បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា លោក ត្រៀមប្រគល់ខ្សែរឈៀងតំណែងរងទី៣ Miss Universe Cambodia ជូនកញ្ញា សួន ពិសី ដោយមើលឃើញពីការគោរពល័ក្ខខណ្ឌការងារបានល្អត្រឹមត្រូវ។
លោក ម៉ែន និមលរ័ត្ន៖ “ខ្ញុំបាទនឹងត្រៀមរៀបចំប្រគល់ខ្សែឈៀងតំណែង 3rd Runner up MUC 2020 ជូនដល់កញ្ញា សួន ពិសី ចំពោះការគោរពការងារ ឬនិយាយសាមញ្ញថា Real Queen”។ ដោយ ឡែកសម្រាប់តំណែងរងទី៤ត្រូវតែងតាំងជំនួសដោយបវរកញ្ញារូបណានោះលោកពុំទាន់បង្ហើបឱ្យដឹងនៅឡើយទេ។
សូមជម្រាបថា មកទល់ពេលនេះ គេមិនទាន់ដឹងថាមានរឿងអ្វីកើតឡើងចំពោះការសម្រេចផ្លាស់ប្ដូរតំណែងរបស់កម្មវិធីដ៏ធំនេះទេ ក្នុងនោះលោក ម៉ែន និមលរ័ត្ន មិនទាន់អាចសុំការអធិប្បាយបន្ថែមបាន ខណៈសាមីខ្លួន នេត រក្សា ក៏មិនទាន់អាចភ្ជាប់ទំនាក់ទំនងបានដូចគ្នា៕
សូមចុច join link Telegram https://t.me/cngtvcambodia