ក្រុមហ៊ុន Apple ផលិតឧបករណ៍វេជ្ជសាស្ត្រដើម្បីជួយប្រយុទ្ធនឹងជំងឺកូវីដ១៩
ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកជួយបុគ្គលិកវិស័យសុខាភិបាលការពារខ្លួនពីការផ្ទុះនូវជំងឺកូវីដ១៩ នេះ ក្រុមហ៊ុន Apple បានចាប់ផ្ដើមអាជីវកម្មថ្មីដោយផលិតគ្រឿងបរិក្ខារពេទ្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Phone Arena កន្លងទៅនេះ។
Apple នឹងផលិតឧបករណ៍ការពារមុខឲ្យបានច្រើនបំផុត ពោលគឺប្រមាណ ១ លានឧបករណ៍ក្នុងមួយសប្ដាហ៍។ បន្ថែមពីនេះតាមរយៈសង្វាក់ផលិតកម្មផ្គត់ផ្គង់ ក្រុមហ៊ុនក៏បានផ្ដល់ជូនម៉ាស់ចំនួន ២០ លានសម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាយិកាផងដែរ។ ម៉ាស់ N95 គឺជាប្រភេទម៉ាស់ដែលមានគុណភាពខ្ពស់ ដែលអាចការពារកម្ទេចធូលីបានដល់ ៩៥%។
កង្វះខាតម៉ាស់ និងរបាំងការពារមុខបានរារាំងបុគ្គលិកសុខាភិបាលដែលកំពុងប្រយុទ្ធនឹងវីរុសកូវីដ១៩ នៅជួរមុខ។ ដោយមានការខ្វះខាតឧបករណ៍ការពារខ្លួនប្រភេទ (PPE) បុគ្គលិកពេទ្យមួយចំនួនបានប្រើប្រាស់គ្រឿងបរិក្ខាពេទ្យដូចជាម៉ាស់ និងរបាំងការពារមុខប្រភេទ PPE នេះឡើងវិញ។ ការធ្វើបែបនេះបង្កើនហានិភ័យចំពោះបុគ្គលិកពេទ្យដែលកំពុងប្រឈមជាមួយបញ្ហានេះ។ លោក Tim Cook បាននិយាយថា របាំងការពារមុខនីមួយៗអាចត្រូវបានផលិតក្នុងរយៈពេលតែ ២ នាទីហើយក្នុងមួយប្រអប់អាចដាក់របាំងការពារមុខរហូតដល់១០០។
លោក Tim Cook បានលើកឡើងនៅក្នុងវីដេអូរបស់គាត់ដែលបង្ហោះលើគណនី Twitter ថា "យើងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដោយប្រមូលផ្តុំអ្នកអ្នកឌីហ្សាញផលិតផល វិស្វករ ក្រុមប្រតិបត្តិការ និងវេចខ្ចប់ និងដៃគូផ្គត់ផ្គង់ ដើម្បី ឌីហ្សាញ ផលិតផល និងដឹកជញ្ជូនឧបករណ៍ការពារមុខសម្រាប់បុគ្គលិកវិស័យសុខាភិបាល។ ការដឹកជញ្ជូនលើដំបូងរបស់យើង គឺដឹកទៅឲ្យមន្ទីរពេទ្យ Kaiser នៅតំបន់ Santa Clara កាលពីសប្ដាហ៍កន្លងទៅ ដោយទទួលបានការឆ្លើយតបជាវិជ្ជមានពីក្រុមគ្រូពេទ្យ។”
ប្រភព៖ Phone Arena ដោយ៖ ជា បញ្ញា