ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»
ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។ វាជាប្រភេទត្រីមានទំហំធំជាងគេក្នុងចំណោមត្រី ៣ ប្រភេទនៅកម្ពុជាក្នុងនោះមានត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស។
វាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ដោយឡែក ស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។
ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច ស្តីពី ការគ្រប់គ្រងវិស័យជលផលក្នុងជំពូក២ មាត្រា១៨។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង៕
ប្រភព៖ ក្រសួងព័ត៌មាន