ទឹកជំនន់នៅប្រទេសអ៊ុយក្រែនបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ និងរាប់រយនាក់ទៀតត្រូវបានជម្លៀសចេញ
ទីក្រុងគីវ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ដ៏ខ្លាំងជាច្រើនដងនៅប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ ហើយរាប់រយនាក់ទៀតចាកចេញពីផ្ទះសម្បែង និងភូមិស្រុក របស់ពួកគេនៅតំបន់ខាងលិច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Arsen Avakov ដែលបានទៅពិនិត្យមើលតំបន់កើតហេតុជាមួយនឹងនាយករដ្ឋមន្ត្រីរបស់អ៊ុយក្រែនលោក Denys Shmyhal មានប្រសាសន៏ថា ខណៈពេលដែលមនុស្សជាច្រើនកំពុងការពារទ្រព្យសម្បត្តិរបស់ពួកគេ ប្រជាជនប្រមាណ ៨០០នាក់ទៀតបានជម្លៀសខ្លួនចេញចាប់តាំងពីភ្លៀងធ្លាក់នៅថ្ងៃច័ន្ទមកម្ល៉េះ។
សូមបញ្ជាក់ផងដែរថា បើតាមសេចក្តីរាយការណ៏របស់ក្រុមសង្គ្រោះបន្ទាន់ ផ្ទះប្រមាណជា៥០០០ខ្នងនៅក្នុង១៨៧ភូមិ នៅតែជន់លិចដដែលកាលពីព្រឹកថ្ងៃពុធ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ