វិបត្តិថាមពលសកល៖ តម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងលើស ១០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈអាមេរិក និងអុីរ៉ង់ជាប់គាំងផ្នែកការទូតនៅច្រកសមុទ្រ Hormuz
ទីផ្សារថាមពលពិភពលោកកំពុងស្ថិតក្នុងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយនៅថ្ងៃទី ២៤ មេសា ២០២៦ នេះ តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។ នេះគឺជាលទ្ធផលនៃភាពតានតឹងផ្នែកយោធា និងការជាប់គាំងផ្នែកការទូតនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក។
តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់លើស ១០៦ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ផ្លូវទាល់ច្រក។ ស្ថានភាពនេះបានធ្វើឱ្យវិនិយោគិនបារម្ភពីការដាច់ចរន្តផ្គត់ផ្គង់ប្រេងសកលក្នុងរយៈពេលវែង។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅតែបន្តគ្រប់គ្រងច្រកសមុទ្រនេះយ៉ាងតឹងរ៉ឹង ដោយបានរឹបអូសនាវាដឹកទំនិញបរទេសជាបន្តបន្ទាប់ ជាការឆ្លើយតបទៅនឹងការបិទផ្លូវសមុទ្ររបស់អាមេរិក។
ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានបញ្ជាឱ្យកងទ័ពជើងទឹកអាមេរិកបាញ់កម្ទេច រាល់ទូក ឬនាវាទាំងឡាយណាដែលព្យាយាមដាក់មីនក្នុងច្រកសមុទ្រ បន្ទាប់ពីការចរចានៅប្រទេសប៉ាកីស្ថានបានបរាជ័យ។
សូមជម្រាបថា ការជាប់គាំងនេះបានធ្វើឱ្យចរាចរណ៍នាវាដឹកប្រេងធ្លាក់ចុះដល់ទៅ ៧០% ដែលនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុប និងអាស៊ី។
អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ប្រសិនបើច្រកសមុទ្រ Hormuz នៅតែបន្តបិទជិតបែបនេះ តម្លៃប្រេងអាចនឹងហក់ឡើងដល់ ១២០ ទៅ ១៣០ ដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ ដែលវានឹងបង្កជាវិបត្តិអតិផរណាសកល និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនទូទាំងពិភពលោក។



ប្រភព៖ Al Jazeera English


















