យន្តហោះចម្បាំងចិនហោះបង្អើលតៃវ៉ាន់ជាលើកទី២ ស្របពេលភាពតានតឹងកំពុងកើនឡើង
តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា យន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿងហោះទៅតៃវ៉ាន់ជាលើកទី២ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងទៀតថា ក្នុងចំណោមយន្តហោះចម្បាំងជាច្រើនរបស់ចិន ក៏មានយន្តហោះចម្បាំងប្រភេទ Su-30 និងយន្តហោះដឹកជញ្ជូន Y-8 ក៏បានហោះចូលតំបន់កំណត់អត្តសញ្ញាណផ្លូវអាកាសរបស់តៃវ៉ាន់ទៅភាគនិរតីនៃប្រទេសខ្លួនទៀតផង។
តៃវ៉ាន់ ក៏បានទទូចឲ្យចិនបញ្ឈប់សកម្មភាពបំផ្លាញសន្តិភាពក្នុងតំបន់ ដែលកំពុងធ្វើឲ្យភាពតានតឹងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ដែលងាយរងគ្រោះ។
យ៉ាងណាមិញក្រសួងការពារជាតិចិនមិនទាន់ឆ្លើយតបនឹងសំណើណាមួយនៅឡើយទេ ប៉ុន្តែជាទម្លាប់ របស់ទីក្រុងប៉េកាំងតែងតែនិយាយថា សកម្មភាពយោធាបែបនេះគ្រាន់តែជារឿងធម្មតា ហើយវាជាការហ្វឹកហាត់ដើម្បីការពារអធិបតេយ្យជាតិរបស់ខ្លួនតែប៉ុណ្ណោះ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ