ចិននិយាយថា អាមេរិកជាអ្នកជម្រុញឲ្យមានសកម្មយោធានៅសមុទ្រចិនខាងត្បូង
ហុងកុង៖ មន្ត្រីការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃពុធកន្លងទៅថា សហរដ្ឋ អាមេរិកកំពុងធ្វើអន្តរាគមន៍ និងលូកលាន់ចូលក្នុងជម្លោះដែនដី និងដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ដោយសារតែផលប្រយោជន៍នយោបាយរបស់ខ្លួនប៉ុណ្ណោះ។

លោកបានធ្វើការកត់សម្គាល់ក្នុងជំនួបតាមរយៈវីដេអូជាមួយមន្ត្រីការបរទេសជាច្រើនរូបក្នុងកិច្ចប្រជុំ
អាស៊ាន ដោយចោទប្រកាន់ថា អាមេរិកជាកត្តាចម្បងដែលធ្វើឲ្យមានសកម្មភាពយោធានៅក្នុងតំបន់។
យ៉ាងណាមិញ វ៉ាង យី បានឲ្យដឹងទៀតថា ចិនមានបំណងចង់ពិភាក្សាជាមួយអាមេរិកឲ្យមានទំនាក់ទំនងល្អឡើងវិញ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ។
សូមរម្លឹកថា កាលពីសីហាកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានកត់បញ្ចូលក្រុមហ៊ុនចិនចំនួន២៤ និងបុគ្គលផ្សេងទៀតទៅក្នុងបញ្ជីខ្មៅ ដោយចោទថា ពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធា និងការសាងសង់នៅតំបន់សមុទ្រចិនខាងត្បូង៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ