ឯកឧត្ដម ស៊ុន ចាន់ថុល បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)

ភ្នំពេញ: នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា(ដំណាក់កាលទី២)ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

 
ឯកឧត្ដម ស៊ុន ចាន់ថុល បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាការបើកច្រកទ្វារអន្តរជាតិថ្មីជាមួយប្រទេសជិតខាង គឺជាកម្លាំងចលករលើកកម្ពស់វិស័យភស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកត្តាផ្សេងៗ ដែលចាំបាច់សម្រាប់ទ្រទ្រង់គម្រោងនេះ រួមមានបទដ្ឋានគតិយុត្តិ ប្រភពហិរញ្ញប្បទាន និងការចូលរួមពីវិស័យឯកជន ព្រមទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យភស្តុភារកម្ម ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាដើម្បីជួយសម្រួលដល់ដំណើរការឯកសារផងដែរ។

ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុនបានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន