ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

 
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

ជាការចាប់ផ្ដើម ឯកឧត្តមទាំងពីរបានពិភាក្សាលើវិបិត្តកូវីដ-១៩ ដែលមានផលប៉ះពាល់កន្លងមកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់គ្នា និងបានអបអរសាទរលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក ក្នុងខែវិច្ឆិកាកន្លងមក។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឱ្យភាគីអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារូបករណ៍ជូនកម្ពុជា។ ឯកឧត្តមក៏បានអញ្ចើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយមកវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាប ឯកឧត្តមរដ្ឋមន្រ្ដី ថាអូស្រ្ដាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០%។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្ដីនូវគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។

ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបឯកឧត្តមឯកអគ្គរាជទូត នូវកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើងដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ៕

 

ប្រភព: ក្រសួងពាណិជ្ជកម្ម