ក្នុងពិធីសម្ពោធសាលារៀនសហគមន៍២១ សាខាក្រាំងធ្នង់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ....
លោកស្រី លី រ៉ូហ្សាមី គណៈអភិបាលរងតំណាងលោក ម៉ូវ ម៉ានិត គណៈអភិបាលខណ្ឌសែនសុខបានថ្លែងថា “សាលាខណ្ឌសែនសុខរីករាយ និងស្វាគមន៍វត្តមានសាលារៀនសហគមន៍២១នៅសង្កាត់ក្រាំងធ្នង់ ព្រោះសាលារៀនជាថ្នាលបណ្តុះបណ្តាល និងអប់រំយ៉ាងសំខាន់សម្រាប់កុមារ និងយុវជនឲ្យទទួលបានចំណេះ ជំនាញ និងមានឥរិយាបថល្អ ដើម្បីក្លាយជាធនធានមនុស្ស ដែលជាកម្លាំងចលករស្នូលក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចប្រទេសជាតិ”។
ទន្ទឹមនឹងនេះ លោកស្រីក៏បានលើកទឹកចិត្តបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ពិចារណាបង្កើតសាលារៀនសហគមន៍២១បន្ថែមទៀតនៅក្នុងសង្កាត់ទាំង៦ក្នុងខណ្ឌសែនសុខ សម្រាប់បុត្រធីតាប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព។
សូមជម្រាបថាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានវត្តមាន៣ទីតាំងក្នុងខណ្ឌសែនសុខ គឺ សាលារៀនវ៉េស្ទឡាញន៍ សាខាភ្នំពេញថ្មីស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សាលាអន្តរជាតិ ហ្វររ៉េសហៀលស្ថិតក្នុងសង្កាត់ទឹកថ្លា និងសាលារៀនសហគមន៍២១ សាខាក្រាំងធ្នង់ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់។
លោកស្រីក៏បានរំលឹកផងដែរថា ពីអតីតកាលតំបន់ក្រាំងធ្នង់ និងតំបន់ដទៃទៀតជាសហគមន៍ក្រីក្រ ប្រជាជនខ្វះខាតទឹកស្អាត មិនមានភ្លើងអគ្គិសនីប្រើប្រាស់ ផ្ទះធ្វើពីឈើប្រកស្លឹក ឬស័ង្កសី ហេដ្ឋារចនាសម្ព័ន្ធខ្វះខាត ប៉ុន្តែបច្ចុប្បន្ននេះ មិនមានសហគមន៍ក្រីក្រទៀតទេ រីឯជីវភាពរបស់ប្រជាជនមានការរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដោយសារការដឹកនាំដ៏ឆ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចគណៈអភិបាលរាជធានី-ខណ្ឌ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា “សាលារៀនសហគមន៍២១បានបង្កើតឡើងក្នុងទិសដៅផ្តល់ការអប់រំប្រកបដោយគុណភាព ក៏ដូចជាអភិវឌ្ឍសហគ្រិនភាព និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍សម្រាប់ប្រជាជននៅតំបន់ជាយរាជធានី និងបណ្តាខេត្តនានា ជាមួយតម្លៃសិក្សាសមរម្យ ដែលបងប្អូនមានលទ្ធភាពទទួលយកបាន”។
លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះគ្រូបង្រៀនជនជាតិខ្មែរ និងបរទេសមានបទពិសោធន៍ និងឆ្លងកាត់វគ្គបណ្តុះបណ្តាល និងវគ្គបំប៉នសមត្ថភាពផ្សេងៗ ចំណែកឯកម្មវិធីសិក្សា និងកម្មវិធីគាំទ្រវិញមានដូចបណ្តាញសាលារៀនវ៉េស្ទឡាញន៍ដទៃទៀតដែរ។ លើសពីសាលារៀនសហគមន៍២១នឹងបញ្ចូលជំនាញវិជ្ជាជីវៈដល់សិស្សថ្នាក់ទី១០ឡើងទៅ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង ក្រោយពីបញ្ចប់ថ្នាក់ទី១២ ហើយពួកគាត់អាចនឹងទទួលបានការងារ និងចំណូលសមរម្យសម្រាប់គាំទ្រជីវភាពខ្លួនឯង និងក្រុមគ្រួសារទៀតផង”។
គូសបញ្ជាក់ថា សាលារៀនសហគមន៍២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប និងមាន៣សាខា៖ សាខាក្រាំធ្នង់ សាខាព្រែកអញ្ចាញ និងសាខាផ្សារគគីរ ព្រមទាំងមានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រៅពីកម្មវិធីសិក្សាគោលខាងលើ សាលារៀនមានបញ្ចូលកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ (MoneyTree) កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធី STEM កម្មវិធីកុំព្យូទ័រសម្រាប់ថ្នាក់បឋមសិក្សា ការផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្នុង និងក្រៅប្រទេស ការធ្វើទស្សនៈកិច្ចសិក្សា និងបោះជំរំ ផ្តល់ការវាស់ស្ទង់សមត្ថភាព និងតាមដានការសិក្សាសិស្សជាប្រចាំ ព្រមទាំងមានសិក្ខាសាលាអប់រំសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស៕