ដូណាល់ត្រាំ និយាយថា លោកនឹងឈ្នះយ៉ាងងាយ បើគេរាប់តែសន្លឹកឆ្នោតស្របច្បាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយទាំងគ្មានភស្តុតាងថា បើសិនជាគេរាប់តែសន្លឹកឆ្នោតស្របច្បាប់ នោះលោកនឹងអាចឈ្នះយ៉ាងងាយស្រួលទៅលើលោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

 
ដូណាល់ត្រាំ និយាយថា លោកនឹងឈ្នះយ៉ាងងាយ បើគេរាប់តែសន្លឹកឆ្នោតស្របច្បាប់

លោក ត្រាំ បាននិយាយនៅក្នុងការបង្ហាញខ្លួនតាមទូរទស្សន៍ថា លោកនឹងឈ្នះយ៉ាងងាយ បើគេរាប់តែសន្លឹកឆ្នោតពិត ប៉ុន្តែបើគេរាប់ទាំងសន្លឹកឆ្នោតក្លែងក្លាយ វានឹងយឺតពេល ហើយពួកគេអាចនឹងព្យាយាមលួចបន្លំសន្លឹកឆ្នោត។

សូមបញ្ជាក់ផងដែរថា មុនពេលដែលលោក ដូណាល់ ត្រាំ ថ្លែងសន្ទរកថា នៅក្នុងសាលប្រជុំសេតវិមាន សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនមិនពេញចិត្ត ព្រមទាំងជំទាស់ទៅនឹងការប៉ុនប៉ងរបស់លោក ដែលចង់បញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ ភែននីស៊ីលវេនៀ (Pennsylvania) និងរដ្ឋសំខាន់ៗផ្សេងទៀត ខណៈឥឡូវនេះ លោក ចូ បៃដិន កំពុងតែទទួលបានសម្លេងឆ្នោតនាំមុខលោក ត្រាំ ជាបណ្តោះ អាសន្នក្នុងលទ្ធផលមិនចេញជាផ្លូវការនៅឡើយ៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ