កងឆ្មាំបដិវត្តន៍អុីរ៉ង់ព្រមានវាយបកឱ្យខ្ទេចខ្ទី ខណៈសហរដ្ឋអាមេរិកបន្តការបិទខ្ទប់ដែនទឹក
ស្របពេលដែលបទឈប់បាញ់ត្រូវបានពន្យារពេល ភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កម្រិតអាសន្នថ្មីមួយទៀត។ កាលពីថ្ងៃអង្គារ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ព្រមានយ៉ាងធ្ងន់ៗថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបនឹងរាល់ការឈ្លានពានថ្មីៗពីសំណាក់សត្រូវ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ មេដឹកនាំកងឆ្មាំបដិវត្តន៍បានបញ្ជាក់ថា ប្រសិនបើសង្គ្រាមត្រូវបានចាប់ផ្តើមឡើងវិញ កងកម្លាំងរបស់ពួកគេនឹងវាយប្រហារឱ្យខ្ទេចខ្ទី ទៅលើទ្រព្យសម្បត្តិ និងមូលដ្ឋានយោធាដែលនៅសេសសល់របស់សត្រូវនៅក្នុងតំបន់។ ការព្រមាននេះត្រូវបានធ្វើឡើងចំពេលដែលទីក្រុងតេអេរ៉ង់បានរៀបចំដង្ហែព្យុហយាត្រាយោធាយ៉ាងធំ ដើម្បីបង្ហាញពីអាវុធទំនើបៗ និងស្មារតីប្រយុទ្ធរបស់ខ្លួន។
អ៊ីរ៉ង់ បដិសេធមិនចូលរួមតុចរចានៅប្រទេសប៉ាគីស្ថានឡើយ ដរាបណាសហរដ្ឋអាមេរិកមិនទាន់ដកការបិទខ្ទប់ ផ្លូវទឹកចេញពីកំពង់ផែរបស់ខ្លួន។
ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្យារបទឈប់បាញ់ក៏ដោយ ប៉ុន្តែលោកបានប្រើពាក្យសម្តីធ្ងន់ៗថា «គ្មានទៀតទេ លោក Nice Guy» ដោយគម្រាមនឹងកម្ទេចរោងចក្រអគ្គិសនី និងស្ពានទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើគ្មានការព្រមព្រៀងលើកិច្ចព្រមព្រៀងថ្មីនោះទេ។
តាមការវិភាគរបស់ BBC និងអ្នកជំនាញអន្តរជាតិ សកម្មភាពរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅពេលនេះ គឺជាការបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិកថា ការសង្កត់ផ្នែកសេដ្ឋកិច្ចតាមរយៈការបិទផ្លូវទឹក នឹងត្រូវជួបការសងសឹកតាមផ្លូវយោធាវិញយ៉ាងសាហាវបំផុត៕
---
ប្រភព៖ Al Jazeera English
ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070
សូមចុច join Telegram https://t.me/cngtvcambodia


















