បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុបបានប្រគល់ជូនថវិកាចំនួន ២១៨៦ដុល្លាអាមេរិក ដែលទទួលបានពីការចូលរួមបរិច្ចាកថវិកាតាមសទ្ធាជ្រះថ្លា ពីសំណាក់ សិស្សានុសិស្ស មាតាមិតា និងបុគ្គលិកសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុបបានប្រគល់ជូនថវិកាចំនួន ២១៨៦ដុល្លាអាមេរិក ដែលទទួលបានពីការចូលរួមបរិច្ចាកថវិកាតាមសទ្ធាជ្រះថ្លា ពីសំណាក់ សិស្សានុសិស្ស មាតាមិតា និងបុគ្គលិកសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលាភាសាអង់គេ្លសលីដឺលែន ជូនដល់មន្ទីរពេទ្យកុមារអង្គរ​ ខេត្តសៀមរាម ដើម្បីចូលរួម”ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩” ក្នុ្ងងគោលបំណងជួយទ្រទ្រង់ដល់ដំណើរការពិនិត្យ ព្យាបាល និងលើកកម្ពស់សុខុមាលភាពរបស់កុមារនៅកម្ពុជា ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងប្រទេសជាតិនាពេលអនាគត។

 
បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុបបានប្រគល់ជូនថវិកាចំនួន ២១៨៦ដុល្លាអាមេរិក ដែលទទួលបានពីការចូលរួមបរិច្ចាកថវិកាតាមសទ្ធាជ្រះថ្លា ពីសំណាក់ សិស្សានុសិស្ស មាតាមិតា និងបុគ្គលិកសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “សកម្មភាពនេះគឺជាផ្នែកមួយក្នុ្ងងការចូលរួមការងារសង្គមដែលចេញពីទឹកចិត្ត អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិករបស់យើង ហើយជារឿយៗ វេសឡាញតែងតែផ្តល់ជូនទីតាំងសម្រាប់មន្ទីរពេទ្យក្នុងការដាក់ប្រអប់មូនិធិរបស់មន្ទីរពេទ្យនៅតាមសាខាទាំងអស់របស់យើង ហើយកន្លងមកយើងក៏បានចូលរួមធ្វើសកម្មភាពនានាស្រដៀងគ្នានេះដែរជាមួយស្ថាប័ន ឬសមាគមដៃគូក្នុងការរកមូនិធិបន្ថែមជួយទៅដល់មន្ទីរពេទ្យ”។

លោក សៀ ផល្លា ជាបុគ្គលិករដ្ឋបាលប្រចាំភ្នំពេញនៃមន្ទីរពេទ្យអង្គរបានឲ្យដឹងថា “ការរួមចំណែកឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរពីសំណាក់ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលាភាសាអង់គេ្លសលីដឺលែន ពិតជាគុណតម្លៃដ៏មហាប្រសើរ ក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជួយសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត​។

លោកក៏បានជូនពរដល់គណៈគ្រប់គ្រងសាលា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ជួបតែពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ​ កុំបីឃ្លាងឃ្លាតឡើយ។
 

 សូមជម្រាបផងដែរថា មន្ទីរពេទ្យកុមារអង្គរ (AHC) ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកផលកម្រៃ ដោយមានបេសកកម្មចូលរួមធ្វើឱ្យមានភាពប្រសើរឡើងដល់ប្រព័ន្ធសុខាភិបាលសម្រាប់កុមារកម្ពុជា។ AHC បានផ្តល់សេវា​​​​ថែទាំសុខភាពដោយក្តីមេត្តាករុណាដល់កុមារកម្ពុជាទូទាំងប្រទេសអស់រយៈពេលម្ភៃឆ្នាំមកហើយ។ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាម នឹងកំពុងរៀបចំ”ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច ខាងមុខនេះ៕