បទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងប្រទេសលីបង់ និងអុីស្រាអែល បានចាប់ផ្តើមអនុវត្តជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ
ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានបង្ហាញសញ្ញាវិជ្ជមានថ្មីមួយ ខណៈដែលបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងប្រទេសលីបង់ និងអុីស្រាអែល បានចាប់ផ្តើមអនុវត្តជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញក្តីរំពឹងថា កិច្ចព្រមព្រៀងសន្តិភាពដ៏ធំមួយជាមួយប្រទេសអ៊ីរ៉ង់ ក៏អាចនឹងឈានមកដល់ផងដែរ។
ក្រោយការប្រកាសបទឈប់បាញ់ សំឡេងកាំភ្លើងអបអរសាទរបានបន្លឺឡើងពេញទីក្រុងបេរូត ប្រទេសលីបង់ នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសុក្រ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកគ្រោងនឹងអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun មកកាន់សេតវិមានក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាអំពីសន្តិភាពយូរអង្វែង។
ពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់ លោក ត្រាំ បានបង្ហើបឱ្យដឹងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ ដោយក្នុងនោះអ៊ីរ៉ង់បានផ្តល់សំណើមិនកាន់កាប់អា វុធនុយក្លេអ៊ែរក្នុងរយៈពេលជាង ២០ ឆ្នាំខាងមុខ។ លោកបានបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ វានឹងជួយឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ បញ្ចុះអតិផរណា និងសំខាន់បំផុតគឺបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបទឈប់បាញ់នៅភាគខាងត្បូងលីបង់នៅតែមានភាពផុយស្រួយនៅឡើយ។ កងទ័ពលីបង់បានចោទប្រកាន់ថា អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ដោយការបាញ់ផ្លោងមកលើភូមិមួយចំនួន ខណៈដែលភាគីអ៊ីស្រាអែលអះអាងថា ខ្លួនគ្រាន់តែឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុម Hezbollah ប៉ុណ្ណោះ។ លោក ត្រាំ ក៏បានចេញសារព្រមានឱ្យក្រុម Hezbollah គោរពតាមបទឈប់បាញ់នេះឱ្យបានហ្មត់ចត់ផងដែរ។
សូមជម្រាបថា សហរដ្ឋអាមេរិក នឹងមានជំនួបជាមួយអ៊ីរ៉ង់នៅចុងសប្តាហ៍នេះ ក្នុងប្រទេសប៉ាគីស្ថាន។ ប្រសិនបើកិច្ចចរចានេះទទួលបានជោគជ័យ នឹងឈានទៅដល់ការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងដ៏សំខាន់ និងជួយស្រោចស្រង់សេដ្ឋកិច្ចពិភពលោកឱ្យផុតពីវិបត្តិវិបត្តិសេដ្ឋកិច្ច។
ប្រភព៖CNA


















