សាលារៀនសហគមន៍២១នឹងជួយបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យចេះជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់

សាលារៀនសហគមន៍២១នឹងចូលរួមចំណែកជួយបណ្តុះបណ្តាលដល់យុវជនកម្ពុជាឱ្យចេះជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍ក៏ដូចជាសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

 
សាលារៀនសហគមន៍២១នឹងជួយបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យចេះជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់

ថ្លែងបើកសាលារៀនសហគមន៍២១សាខាផ្សារគគីរ ស្ថិតនៅស្រុកកៀនស្វាយខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៨តុលានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ( Education Group )  បានមានប្រសាសន៍ថាការបើកសាលារៀនសហគមន៍២១នេះគឺដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងសហគមន៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀតតាមរយៈកម្មវិធីសិក្សាតាមបែបទំនើបដូចជាទំលាប់ល្អទាំង៧របស់បុគ្គលឆ្នើមមកពីសហរដ្ឋអាមេរិកនិងចំណេះដឹងហិរញ្ញវត្ថុមកពីប្រទេសសឹង្ហបុរី។

លោកបានបន្តថាសាលាបានបង្រៀនសិស្សចាប់ពីថ្នាក់ទី១០ទៅនូវជំនាញវិជ្ជាជីវៈផ្សេងៗទៅតាមសក្តានុពលសដ្ឋកិច្ចរបស់ស្រុកនីមួយៗដើម្បីធ្វើយ៉ាងណាពេលសិស្សរៀបចំថ្នាក់ទី១២អាចមានសមត្ថភាពរកការងារធ្វើនិងប្រកបអាជីវកម្មបានទទួលប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវិតខ្លួនឯងនិងផ្គត់ផ្គង់គ្រួសារព្រោះថាការបើកសាលារៀនមិនមែនត្រឹមតែរកប្រាក់ចំណេញជាគោលនោះទេគឺដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

លោកបានបន្តថាចំណែកអាណាព្យាបាល ដែលមានកូនរៀននៅសាលារៀនសហគមន៍២១នឹងទទួលបានការបង្ហាត់បង្រៀនពីទំលាប់ល្អទាំង៧របស់បុគ្គលឆ្នើមនិងអាជីវកម្មផ្សេងៗដោយឥតគិតថ្លៃផងដែរ។

លោកសន ហុងសេង អភិបាលរងស្រុកកៀនស្វាយបានចាត់ទុកសាលារៀនសហគមន៍២១មានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ។

លោកបានជំរុញឱ្យមាតាបិតាយកចិត្តទុកដាក់បណ្តុះបណ្តាលបុត្រធីតារបស់ខ្លួនឱ្យបានល្អព្រោះថាពួកគេគឺជាធនធានដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។

សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប  បានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១២០០នាក់៕